អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ គឺប្រភេទ Covishield ផលិតនៅឥណ្ឌា ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន Astra Zeneca ជាវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងជាវ៉ាក់សាំងដែលមានគុណភាព និងសុវត្ថិភាព។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងដូច្នេះ បន្ទាប់ពីមានវិទ្យុមួយ បានផ្សាយព័ត៌មានទាក់ទងនឹងហេតុការណ៍ដែលកើតឡើងក្រោយពីចាក់វ៉ាក់សាំងអាស្ត្រាហ្សេនេកា(Astra Zeneca) មានដុំកំណកឈាមក្នុងសរសៃធ្ងន់ធ្ងរ ដែលធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុប ផ្អាកការប្រើ ប្រាស់វ៉ាក់សាំងប្រភេទនេះ ដូច្នេះសូមប្រជាពលរដ្ឋកុំមាន ការភាន់ច្រលំជាមួយវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់។

លោកជំទាវបញ្ជាក់ថា ប្រភេទវ៉ាក់សាំងដែលកម្ពុជាទទួលបាន ពីមជ្ឈមណ្ឌលកូវ៉ាក់ ដែលមានការសម្របសម្រួលពីអង្គការ សុខភាពពិភពលោក និងការផ្គត់ផ្គង់ពីអង្គការយូនីសេហ្វ ដែលទទួលបានកាលពីពេលថ្មីៗនេះ បានកំពុងដំណើរការនៃការចាក់វ៉ាកសាំង ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ គឺវ៉ាក់សាំងមានឈ្មោះថា CoviShield ផលិតនៅប្រទេសឥណ្ឌា ដោយទទួលនូវអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន អាស្ត្រាហ្សេនេកា មិនមែនផលិតនៅក្នុងប្រទេសអង់គ្លេសនោះទេ។

លោកជំទាវបានឱ្យដឹងទៀតថា វ៉ាក់សាំង CoviShield គឺមាន ការទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក ដែលគេបានដាក់ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ ។

«បណ្ដាប្រទេសមួយចំនួនដែលគេបានលើកឡើងអំពីហេតុផលដែលឱ្យមានការប្រុងប្រយ័ត្នទៅលើបញ្ហាសុខភាព វាគឺជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែអ្វីដែលអង្គការសុខភាពពិភពលោកបានបញ្ជាក់នោះ គឺបញ្ហាហ្នឹងបានកើតឡើងនៅប្រទេសអឺរ៉ុបហ្នឹង។ ហើយប្រទេសមួយចំនួនក៏គេកំពុងតែធ្វើការស្រាវជ្រាវ ហើយមួយចំនួនទៀតក៏មានការបញ្ជាក់ថា វាជាហេតុការណ៍ដែលកើតឡើងជាន់ដានគ្នា ហើយបញ្ហាជាន់ដានគ្នានេះឯងដែលធ្វើឱ្យមានការយល់ច្រឡំ ថាវ៉ាក់សាំងហ្នឹង គឺបង្កឱ្យមានកំណកឈាមនៅក្នុងសរសៃឈាមធ្ងន់ធ្ងរ។ ប៉ុន្តែបញ្ហានេះគឺគេកំពុងតែបន្តការសិក្សាជាបន្តបន្ទាប់ទៀត។ ប៉ុន្តែដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញប្រភេទនៃវ៉ាក់សាំងនេះ គឺគ្រាន់តែទទួលអាជ្ញាប័ណ្ណពីអាស្ត្រាហ្សេនេកា ហើយផលិតនៅប្រទេសឥណ្ឌាហើយក៏ជាប្រភេទវ៉ាក់សាំងមួយ ដែលវាមិនស្ថិតនៅក្នុងចំណោមក្រុមវ៉ាក់សាំង អាស្ត្រាហ្សេនេកា ដូច នៅក្នុងប្រទេសអ៊ឺរ៉ុបនោះទេ»។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា អង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា នៅតែបន្តឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សំាង CoviShieldនេះ ព្រោះវាចាំបាច់ ដើម្បីប្រយុទ្ធជាមួយនឹងការរាលត្បាត នៃជំងឺកូវីដ១៩ ដែលកម្ពុជាកំពុងតែមានការព្រួយបារម្ភនាពេលបច្នុប្បន្ននេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ដែលមានឈ្មោះថា CoviShield ចំនួន ៣២៤,០០០ដូស ៕

ប្រភព៖ ក្រសួងព័ត៌មាន