ក្រុមការងារDaiku«ដៃគូ»ជំរុញចលនាគាំទ្រដល់ស្ត្រីជនជាតិទំពួនក្នុងខេត្តរតនៈគិរីលើមុខរបរជាអ្នកតម្បាញ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច។ អ្នកស្រី ហ្វេតទីម៉ា ហ្គៀល ផេនណា (Fatima Gil Pena) ជនជាតិអេស្ប៉ាញ ជាសហស្ថាបនិករបស់ដៃគូ « Daiku » បានមានប្រសាសន៍ថា Daiku ជាយីហោសម្ភារប្រើប្រាស់តុបតែងផលិតឡើងដោយដៃ ចាប់ផ្ដើមបង្កើតឡើងកាលពីចុងឆ្នាំ ២០១៩ ដែលរាល់ផលិតផលរបស់ Daiku ទាំងអស់សុទ្ធតែរំលេចពីស្នាដៃរបស់ស្ដ្រីជនជាតិដើមភាគតិចទំពួន ដែលប្រើប្រាស់ វត្ថុធាតុដើម ប្រកបដោយចីរភាពនិងគុណភាពខ្ពស់ ។

អ្នកស្រី បានបន្តថា ការបង្កើត Daiku នេះឡើង ក្នុងគោលបំណងជួយដល់អ្នកតម្បាញជនជាតិដើមភាគតិច ដើម្បីឱ្យផលិតផល របស់ពួកគេទៅកាន់ទីផ្សារកាន់តែទូលំទូលាយ រក្សាជំនាញនិងសិល្បៈប្រពៃណីរបស់ជនជាតភាគតិចទំពួននៅតំបន់ខ្ពង់រាប ភាគពាយព្យនៃប្រទេសកម្ពុជា(ខេត្តរតនៈគិរី)។ ក្រៅពីការជួយដល់អ្នកតម្បាញ ដៃគូ(Dai ku)ក៏បានបង្កើតមូលនិធិអប់រំក្មេងស្រី របស់ជនជាតិទំពួន ដែលការចូលរួមវិភាគទានទាំងអស់ បានមកពីការលក់ផលិតផលឌីអាយយូតែមួយ ។

លោកស្រី អ៊ីមីលី( EMiLy ) ជំនួយការផ្នែកលក់របស់ Daiku បានមានប្រសាសន៍ថា Daiku ជាអ្នកជួយស្វែងរកទីផ្សារ ក៏ដូចជា ផ្ដល់គំនិតថ្មីៗសម្រាប់មុខរបរពួកគាត់ ពិសេស ផ្តល់ឱកាសនៃការសិក្សារបស់យុវតីទំពួន ទៅដល់កម្រិតវិទ្យាល័យ និង សកលវិទ្យាល័យ ផងដែរ។

« ខាងDaiku គាត់គឺជាProjectមួយ ដើម្បីជួយឱ្យស្ត្រីជាអ្នកតម្បាញនោះ គឺគាត់មានចំណូលលុះត្រាតែពួកខ្ញុំ ផ្សព្វផ្សាយតម្បាញរបស់ពួកគាត់ ពួកខ្ញុំផ្គត់ផ្គង់គាត់គ្រប់មុខ ពួកខ្ញុំគឺជាអ្នកកុម្មង់អំបោះដ៏ល្អដើម្បីគាត់តម្បាញ ពីព្រោះតែ យើងយកពីគុណភាពនិងឈ្មោះប្រេន ឈ្មោះ Daiku ដែលមានន័យថា សហការ មានន័យថាពួកខ្ញុំមិនមែនជាប្រធាន ពួកគាត់ទេ ប៉ុន្តែស្ត្រីគឺជាស្ត្រីរបស់ពួកខ្ញុំ ដែលពួកខ្ញុំបានសហការគ្នា មានន័យថាដូចជាគ្រួសារតែមួយអ៊ីចឹងដែរ »។

សូមបញ្ជាក់ថា Daiku មានលក់ផលិតផលតម្បាញរបស់ស្ត្រីជនជាតិទំពួន មានដូចជា កន្សែង កាបូប ខ្សែហ្គីតា ខ្សែកាបូប និងខ្សែកាមេរ៉ា ដែលជារបស់ប្រើប្រាស់ប្រចាំថ្ងៃមិនអាចខ្វះបាន ដែលគ្រប់ផលិតផលទាំងអស់របស់Daiku គឺប្រើប្រាស់ វត្ថុធាតុដើមតម្បាញមិនប៉ះពាល់ទៅដល់បរិស្ថាន និង ធ្វើដោយដៃ ដូចជាខ្សែអំបោះដែលផលិតពីក្រុមគ្រួសារក្នុងសហគមន៍ និងការផលិតដោយប្រើវិធីសាស្ដ្រតម្បាញតាមបែបប្រពៃណី ហើយប្រើម៉ាស៊ីនតែក្នុងដំណាក់កាលដេរភ្ជាប់ប៉ុណ្ណោះ ៕

ប្រភព៖ ក្រសួងព័ត៌មាន