ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បាននាំយកស៊ីម៉ងត៍១៥តោន រួមទាំងសម្ភារសំណង់ និងម៉ូតូ១គ្រឿង ប្រគេនដល់វត្តព្រំសីមារង្សីជប់គគីរ ស្ថិតនៅជាប់ ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល កាលពីថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។

 

ឯកឧត្ដម ប៉ែន កុសល្យ ក៏បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយមានការដើរទន្ទឹមគ្នាទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្រោមដំបូលសុខសន្តិសន្តិភាព ដែលបានគ្របដណ្តប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដម ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានល្អនូវវិធានការការពារមេរោគកូវីដ-១៩ គឺ ៣កុំ និង៣ការពារឱ្យបានល្អ ។ ជាងនេះទៅទៀតឯកឧត្ដម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តផ្សព្វផ្សាយនូវវិធានការការពារកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់ខ្លួនដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្ដម ក៏បានឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋដែលចូលរួមចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន ២០.០០០រៀលផងដែរ ។ ហើយឯកឧត្ដម ក៏បានអញ្ជើញចុះជួបសួរសុខសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងនាំយកអំណោយរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្ដរមានជ័យ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមអមដំណើរដោយមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះមានចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០ គីឡូក្រាម, មី១ កេស, ត្រីខ១ យួរ, ទឹកត្រី១ យួរ ទឹកស៊ីអ៉ីវ១ យួរ ប៊ីចេង១ កញ្ចប់និងថវិកា៥០.០០០ រៀល ៕

ប្រភព៖ ក្រសួងព័ត៌មាន