សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សប្បុរសជនឱ្យចូលរួមថវិកា ដើម្បីស្ដារពើកក្នុងកសិន្ធុអង្គរធំពីខាងលិច ជាប់ក្លោងទ្វារតាកាវក្រុងអង្គរធំ ដើម្បីអភិរក្សនិងលើកតម្លៃប្រាង្គប្រាសាទបុរាណ ដែលមានអាយុកាលរាប់រយឆ្នាំមួយនេះអោយមានភាពស្រស់ស្អាត និងទាក់ទាញអ្នកទេសចរ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា គម្រោងសា្ដរពើកនេះ ក្រោយពេលមានការចូលរួម និងគាំទ្រថវិកាផ្ទាល់ខ្លួនពីសប្បុរសជនមួយចំនួន រួមមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងបានគៀងគរសប្បុរសជនជាច្រើនទៀត ដើម្បីរួមចំណែកស្តារពើកនៅក្នុងកសិន្ធុអង្គរធំ ទុកជាប្រយោជន៍ដល់កិច្ចការអភិរក្ស។ លោកបានបន្ដថា ពើកនៅកសិន្ទុនោះមានស្ថានភាពក្រាស់ខ្លាំង ហើយត្រូវបានជួលក្រុមកម្មករ អោយសា្ដរដោយគម្រោងចាប់ផ្ដើមស្ដារនៅខែមេសាខាងមុខ។

អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណព្រះគុណដល់ សប្បុរសជនផងដែរ ដែលបានគិតគូរលះបង់ធនធានខ្លួនដោយសេចក្តីរីករាយ ជ្រះថ្លា ដើម្បីរួមចំណែកស្តារប្រាង្គប្រាសាទបុរាណរបស់ខ្មែរ ជាពិសេសការស្ដារពើកក្នុងកសិន្ធុអង្គរធំ ដែលជាកិច្ចការមួយក្នុងការលើកតម្លៃ និងជាប្រយោជន៍ដល់កិច្ចការអភិរក្សផងដែរ ជាពិសេស គឺសម្រួលចរន្តទឹកក្នុងកសិន្ធុអង្គរធំបានល្អប្រសើរ។

បើតាមលោក យិត ចាន់ដារដ្ឋ បានអោយដឹងថា ទំហំពើកនៅក្នុងកសិន្ធុធំ ដែលត្រូវស្ដារនោះ មានប្រវែងបណ្ដោយ១,៥០០ម៉ែត្រ និងទទឹងប្រហែល១០០ម៉ែត្រ ៕

ប្រភព៖ ក្រសួងព័ត៌មាន