(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិតឯកទេស ឡេង ពីនី កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវដល់បងប្អូនជាញាតិមិត្តអ្នកជំងឺកូវីដ-១៩ កុំបង្កការរំខាន ដល់ក្រុមគ្រូពេទ្យ កំពុងព្យាបាលអ្នកជំងឺ។ តាមរយៈសារទាំងស្រុងតាមរយៈបណ្តាញទំនាក់ទំនងសង្គម វេជ្ជបណ្ឌិតឯកទេស ឡេង ពីនី បានលើកឡើងថា «ខ្ញុំបាទបានលះបង់ជីវិតផ្ទាល់ខ្លួន លះបង់ភារៈកិច្ចដឹកនាំអង្គភាពមន្ទីរពេទ្យ លះបង់ការងារនៅគ្លីនិកផ្ទាល់ខ្លួន ក្លាយជាគ្រូពេទ្យព្យាបាលជម្ងឺកូវីត19 ជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីត19។

ដូច្នេះសូមបងប្អូនដែលជាញាតិមិត្តរបស់អ្នកជំងឺកុំបន្តអុកឡុកក្រុមគ្រូពេទ្យព្យាបាល សព្វថ្ងៃយើងធ្វើការលើសពីគ្រូពេទ្យព្យាបាលសូមមេត្តាយោគយល់ គ្រូពេទ្យយើងជាគ្រូពេទ្យថែទាំព្យាបាលអ្នកជំងឺ ជាអ្នកចែកចំណីអាហារ ទឹក និង សំភារះប្រើប្រាស់ផ្សេងៗជូនអ្នកជម្ងឺ ជាអ្នកវេចខ្ចប់សាកសព និង ដឹកជញ្ជូនសពអ្នកជំងឺ ជាអ្នកលើកសែងអ្នកជំងឺ ជាអ្នកបញ្ជូនអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរទៅព្យាបាលបន្ត ជាពិសេសពួកយើងត្រូវថែទាំព្យាបាលអ្នកជំងឺ24ម៉ោងលើ24ម៉ោង។សូមបងប្អូនជួយផ្តល់កំលាំងចិត្តដល់ក្រុមគ្រូពេទ្យយើងផង ពួកយើងក៏ចង់មានជីវីតរស់នៅដូចបងប្អូនទាំងអស់គ្នាដែរបើយើងមិនស្លាប់។

ពួកយើងមានប្រពន្ធ កូន ម៉ែ ឪ ដូចបងប្អូនដែរ សូមកុំដៀលប្រម៉ាថថាពួកយើងមិនមើលអ្នកជំងឺទុកអោយអ្នកជំងឺស្លាប់ ពួកយើងពិតជាសោកស្តាយដែលពួកយើងមិនអាចជួយគាត់បាន ។ ម៉្យាងទៀតសូមបងប្អូនជាអ្នកជំងឺកូវីត19ទាំងអស់មេត្តាបន្តការអត់ធ្មត់ សហការជាមួយក្រុមគ្រូពេទ្យដើម្បីផ្តល់លទ្ធភាពអោយពួកយើងព្យាបាលជូនបងប្អូនជាសះស្បើយត្រលប់ទៅជួបជុំញាតិមិត្តរបស់បងប្អូនវិញ។

ខ្ញុំក៏សូមអរគុណដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីត19ទាំងអស់ដែលបានប្រឹងប្រែងផ្តល់សេវាថែទាំយ៉ាងល្អដល់បងប្អូនជាអ្នកជំងឺរបស់យើង។  ឆ្លៀតឱកាសនេះខ្ញុំបាទទាំងអស់គ្នា  សូមអរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រៃវែង មន្ទីរសុខាភិបាលខេត្តព្រៃវែង ជាពិសេស សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យរបស់យើងទាំងស្មារតីនិងសម្ភារៈបរិក្ខាបានគ្រប់គ្រាន់ក្នុងបេសកកម្មនេះ»៕

ប្រភព៖ ក្រសួងព័ត៌មាន