នៅរសៀលថ្ងៃ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង​ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារសម្រាប់បង្ការ ការពារ និង ទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា អភិបាលក្រុង-ស្រុកទាំងអស់ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ជាងនេះទៅទៀត ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យយល់ច្បាស់ពីវិធីបង្ការការពារជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបាននូវវិធានការ ៣ការពារ ៣កុំ។ រដ្ឋបាលក្រុង-ស្រុកទាំង១១ ត្រូវចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើទីប្រជុំជន ផ្សារ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុក ត្រូវកៀរគរស្វែងរកការជួយឧបត្ថម្ភនានា ពីសំណាក់សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរៀងៗខ្លួន។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាអនាម័យឱ្យបានល្អជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ឱ្យបាននូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងករណីមិនចាំបាច់ សូមបងប្អូនកុំទៅទីប្រជុំជន និងកន្លែងដែលមានមនុស្សច្រើន។ សម្ភារសម្រាប់បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ រួមមាន៖ ​ម៉ាសចំនួន ១១៦កេស ស្មើនឹង ៥.៨០០ប្រអប់ ទឹកសម្លាប់មេរោគចំនួន ៤៨កេស ជែលសម្អាតដៃចំនួន ២៤កេស មីជាតិ ចំនួន ១.៧៥០កេស មាន់៥០០ក្បាល ទឹកបរិសុទ្ធដបតូច ចំនួន ១.៧៥០កេស ទឹកបរិសុទ្ធដបធំចំនួន ១២០កេស និងអាល់កុល ចំនួន៦០កាន។

 

សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈសរុបចំនួន ១៣.៣៧០នាក់ យកសំណាកបាន ១២.៧៧៤នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១.៦៩២នាក់ នៅផ្ទះចំនួន ១១.២៧៩នាក់ មានករណីវិជ្ជមានចំនួន ៨៣នាក់ ករណីជាសះស្បើយចំនួន ៣នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន