គណៈបញ្ជាការឯកភាពស្រុកព្រៃនប់បានឱ្យដឹងថា មានរថយន្តពីរគ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចក្តាឡីស័កចំណុចត្រពាំងរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត កាលពីថ្ងៃ១កើត ខែចេត្រ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១  ។

ករណីទី១-រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3B-7264 មានគោលដៅពីស្រុកស្រែអំបិល ខេត្តកោះកុង ទៅខេត្តកំពត បានបើកគេចគោលដៅត្រួតពិនិត្យចត្តាឡីស័កត្រង់ចំណុចស្ពានត្រពាំងរពៅ។

 

ករណីទី២-រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងពណ៌លឿង ពាក់ស្លាក លេខភ្នំពេញ 2AE-5252 មានគោលដៅពីវាលរេញទៅខេត្តកំពត បានបើកហួសគោលដៅប៉ុស្តិ៍ត្រូតពិនិត្យចក្តាឡីស័កស្ពានត្រពាំងរពៅ (តាមផ្លូវជាតិលេខ៣) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍ ។ រថយន្តទី១ ម្ចាស់ឈ្មោះ សាធ វាចា ភេទប្រុស បើកបររថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-7264 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំងរពៅ (ផ្លូវជាតិលេខ ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍ចំនួន ៥លានរៀល។

រថយន្តទី២ ម្ចាស់ឈ្មោះ ភិន ភ័ក្រ ភេទ ប្រុស រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AE-5252 បានបើកគេចវេះហួសប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍ចំនួន ១លានរៀល។

ការពិន័យអន្តរការណ៍នេះ យោងតាមអនុក្រឹត្យលេខ ៣៧អនក្រ. បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលានរៀល) ទៅ ៥.០០០.០០០ (ប្រាំលានរៀល) ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ។

ប្រភព៖ ក្រសួងព័ត៌មាន