ប៉ៃលិន៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាក​បាទ​ក្រហមកម្ពុជាខេត្ត បាន ដឹកនាំសមាជិកកិត្តិយសសាខា, សមាជិកគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទ ក្រហម​ខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ១៩គ្រួសារ និងប្រគល់ផ្ទះ ១ខ្នង ជូនគ្រួសារ​ពល​រដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ បាន ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេស មិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។

លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឲ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឲ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ខ្ជាប់ នូវគោល​ការណ៍គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះ​ដោយឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមាន​ជីវភាព​ខ្វះខាត គ្រួសារជនពិកា កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម។

លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហា​សុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីចៀស​វាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារ​ការឆ្លងរីករាលដាល នៅក្នុងសហគមន៍ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរ​ពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ហើយចំពោះបងប្អូនពលករដែលទើបត្រឡប់មកពី​ក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន ក្នុងនោះ​បើមាន​បញ្ហាសុខភាព សូមប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខ ភាព ឬមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលបានការ​ព្យាបាល​ទាន់ពេលវេលា។

លោកតា ដើម ថា អាយុ ៦០ឆ្នាំ និងលោកយាយ ជា យ៉ាន អាយុ ៥៩ឆ្នាំ រស់នៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទទួលបានផ្ទះ ១ខ្នង ជាអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្ហាញអារម្មណ៍​រំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចទាំងទ្វេ ដែលតែងតែគិតគូរដល់សុខ​ទុក្ខរបស់ប្រជាពលរដ្ឋកំពុងជួបការលំបាកគ្រប់ពេលវេលា។

សូមបញ្ជាក់ថា៖ អំណោយ មនុស្សធម៌ ដែលផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ១៩គ្រួសារ រួមទាំងម្ចាស់ផ្ទះនាឱកាសនោះ គឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរទឹកស៊ីអ៊ីវ ១យួរ មី ១កេស ទឹកបរិសុទ្ធ ១កេស សាប៊ូ ២ដុំ អាវរងារ ១ និងថវិកាមួយចំនួនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន