ប៉ៃលិន៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ ព្រមទាំងក្រុមការងារ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការដាំដុះបន្លែបង្ការ របស់ ប្រជាកសិក រលក្ខណៈគ្រួសារ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយរកដំណោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជំរុញ ឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរឡើង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំឲ្យមានផ្សារចុង សប្តាហ៍ ដែលមានទីតាំងស្ថិតនៅខាងមុខមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តសម្រាប់ប្រជាកសិករលក់កសិផល មានដូចជា៖ បន្លែ ផ្លែឈើ ត្រីសាច់ ដែលជាផលិតផលរបស់បណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ក្រោមកិច្ច សហការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ដូច្នេះតម្រូវ ឲ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ដើម្បីធ្វើការផ្គត់ផ្គង់ឲ្យ បានទាន់ពេល វេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ហើយចៀសវាងការចិញ្ចឹម និងការដាំដុះដំណាំ ដែលគ្មានគុណភាព និងមិនមានទីផ្សារ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានជំរុញដល់ មន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអ្នកពាក់ព័ន្ ធទាំង អស់ ត្រូវរួមសហការគ្នាជួយរកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែបង្ការ ដើម្បីលើកកម្ពស់ជីវភាព ក្នុងអំឡុងវិបត្តិកូវីដ-១៩។
សូមបញ្ជាក់ថា៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ ក៍បានជួយទិញបន្លែបង្ការ របស់ ប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់ពលករកំពុងធ្វើចត្តាឡីស័ក និងឧបត្ថម្ ភថវិកាដល់កសិករមួយចំនួនផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន