(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងករណីមានតម្រូវការចាំបាច់ ក្រុមការងារយើងបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះអាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។

សូមបញ្ជាក់ថា បេសកកម្ម ៣៣ម៉ោង ក្នុងការប្រែក្លាយសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចទទួលអ្នកជំងឺរហូតជាង ៥០០នាក់។ បេសកកម្មនេះបានចាប់ផ្ដើមចាប់ពីល្ងាចថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់នៅទីតាំងអាគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ដោយបានប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)៕

ប្រភព៖ ក្រសួងព័ត៌មាន