កំពង់ស្ពឺ៖ខេត្ដកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មជាច្រើននាក់នាពេលខាងមុខ បន្ទាប់ពីមានរោងចក្រសហគ្រាសជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត។ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺបានប្រកាសដល់បណ្ដាខេត្ដនានាដែលយុវជនគ្មានការងារធ្វើ អាចមកស្វែងរកការងារធ្វើជាកម្មករកម្មការិនីនៅខេត្ដកំពង់ស្ពឺ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារនៅតាមរោងចក្រសហគ្រាស។

ថ្លែងក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ កាលពីថ្មីៗនេះនៅសាលាខេត្ដកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង បានបញ្ជាក់ថា តម្រូវការកម្លាំង​ពលកម្មដ៏ច្រើននាពេលខាងមុខនេះ ដោយសារតែវិនិយោគិនចិនជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគនៅខេត្ដកំពង់ស្ពឺចំនួន២០រោងចក្របន្ថែមទៀត ដែលជាកត្ដាធ្វើឱ្យ​ខេត្ដខ្វះកម្លាំងពលកម្មជាច្រើនផងដែរ។

សំឡេង«តាមមន្ទីរការងារយើងមានរោងចក្រចំនួន៤៦ ដែលបានខ្វះកម្មករចំនួន៧ពាន់នាក់ អ៊ីចឹងធ្វើឱ្យមានការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគ ដែលអ្នកវិនិយោគគ្រោង​ដាក់រោងចក្រ២០នៅទីនេះ ដែលត្រូវធានាកម្មករ។ អ៊ីចឹងមានតែខិតខំអំពាវនាវដល់ខេត្ដជុំវិញឱ្យយុវជនមកធ្វើការនៅទីនេះ។ នេះជាបញ្ហាប្រឈមអត់កម្លាំងពលកម្មរបំពេញការងារនៅ​តាមរោងចក្រ»។

ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ថា ការមកបណ្ដាក់ទុករបស់អ្នកវិនិយោគចិននេះ ដោយសារខេត្ដកំពង់ស្ពឺមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធនធានមនុស្ស​​មានភាពអត់ធ្មត់ ស្មោះត្រង់ និងព្យាយាមលើការងារ ដែលធ្វើឱ្យទាក់ទាញការវិនិយោគបានយ៉ាងច្រើន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះខេត្ដកំពង់ស្ពឺមានរោងចក្រសហគ្រាសចំនួន ៧៥០០រោងចក្រសហគ្រាស ហើយរោងចក្រសហគ្រាសធំៗមានប្រមាណ៣៣៥ រោងចក្រ៕

ប្រភព៖ ក្រសួងព័ត៌មាន