កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត នៅថ្ងៃទី​១៥  ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការត្រៀម រៀបចំមណ្ឌល ចត្តាឡី​ស័ក តាមបណ្តាស្រុក និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ ។

ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងថា កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន ២កន្លែង គឺនៅសណ្ឋាគារមេគង្គ និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលអាចដាក់អ្នកធ្វើចត្តាឡីស័កបានចំនួនប្រមាណ ១.០០០ នាក់ប៉ុណ្ណោះ ។ដូច្នេះ ដើម្បីបង្ការពេលមានពលករ ឬអ្នកដែលធ្វើចត្តាឡីស័កបន្ថែមទៀត ទើបលោក បានដឹកនាំ​ក្រុមការងារ ចុះរៀបចំនៅតាមបណ្តាស្រុកនីមួយៗ ដើម្បីត្រៀមទីតាំង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក បន្ថែមទៀត ក្នុងនោះ​មានដូចជា ៖

នៅស្រុកចំការលើ បានត្រៀម ៣កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២៥០នាក់ , នៅស្រុកព្រៃឈរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់, ស្រុកជើងព្រៃបានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៨០នាក់ , នៅស្រុកបាធាយមាន០១ទីតាំង ដែលអាចទទួល  អ្នកធ្វើចត្តាឡី ស័កប្រមាណ ៦០នាក់, ស្រុកកំពង់សៀម បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៥០នាក់ , ស្រុកកងមាស បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៧០នាក់, ស្រុកស្រីសន្ធរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់, ស្រុកកោះសូទិន បានត្រៀម ០២កន្លែង ដែលអាចទទួល អ្នកធ្វើចត្តាឡីស័កប្រមាណ ៣០នាក់ , ស្រុកស្ទឹងត្រង់ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នក ធ្វើចត្តាឡីស័កប្រមាណ ២០នាក់ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្ដាស្រុកទាំង០៩ នេះ គឺមិនយកអគារ  សាលា​រៀន  ធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងរៀនសូត្រនោះទេ ពោលគឺរដ្ឋបាលខេត្ត តម្រូវឲ្យយកអគារសា ធារណៈ​ផ្សេងទៀត ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ។ ហើយបច្ចុប្បន្នមណ្ឌលទាំងនោះមានលក្ខណៈល្អប្រសើរហើយ អាចដាក់​អ្នកធ្វើ​ចត្តា​ឡីស័​កបានប្រសិនបើ មណ្ឌលក្នុងក្រុងកំពង់ចាមលើសចំនួន។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងទៀតថា បន្ទាប់ពីចុះពិនិត្យនិងរៀបចំមណ្ឌលធ្វើចត្តាឡីស័ក លោកបានដឹក នាំក្រុម​​​ការងារ ចុះពិនិត្យកន្លែងបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានចុះពិនិត្យផងដែរ នូវបរិវេណដី សំរាប់បញ្ចុះ​សព បងប្អូនកាន់សាសនាឥស្លាម ដែលបានស្លាប់ដោយជំងឺកូវីដ-១៩។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា កន្លែងត្រៀមសម្រាប់បូជាសព ១កន្លែងនៅវត្តជោតនារាមបឹងកុក ក្នុង សង្កាត់បឹងកុក ក្រុងកំពង់ចាម ទីតាំងនោះអាជ្ញាធរខេត្តអាចទទួលយកបាន នៅតែសុំការសម្រេចពីអង្គភាពសុខាភិបាលប៉ុណ្ណោះ ។

ដោយឡែកចំពោះបរិវេណដីសំរាប់បញ្ចុះសព ក្នងករណីមានបងប្អូនកាន់សាសនាឥស្លាម បានស្លាប់ដោយសារជំងឺកូវីដ-១៩ អាជ្ញាធរខេត្ត បានជ្រើសយកទីតាំងដីមួយកន្លែងមានទំហុំ១ហិកតា ស្ថិតនៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលជាដីរបស់សហគមន៍ ហើយក៏មានបងប្អូនខ្មែរឥស្លាម រស់នៅទីនោះច្រើនផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន