សៀមរាប៖ ស្របតាមប្រសាសន៍របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អណត្តិទី៣ ដែលថា ចាប់ពីពេលនេះ គប្បីបញ្ឈប់ការលើកគម្រោងស្ថាបនាផ្លូវក្រាលគ្រួសក្រហមនៅមូលដ្ឋាន ដោយការធ្វើកំណែទម្រង់ថ្មី ដោយការប្រើប្រាស់គម្រោងសាងសង់ផ្លូវបេតុងវិញ តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវជនបទ ដែលជាបទដ្ឋានថ្មីមានគុណភាពសម្រាប់អនាគត។
ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ជោ រស់នៅក្នុងសង្កាត់នគរធំ គាត់មានភាពសប្បាយរីករាយដែលអាជ្ញាធរបានជួសជុលផ្លូវនៅក្នុងមូលដ្ឋានរបស់គាត់ ប៉ុន្តែអ្នកស្រីក៏បានសំណូមពរឲ្យអាជ្ញាធរធ្វើជាផ្លូវចាក់កៅស៊ូ ឬជាផ្លូវបេតុងក៏បាន។
ឆ្លើយតបជាមួយបងប្អូនប្រជាពលរដ្ឋលើកឡើងនេះ លោក ង៉ា ចុង ចៅសង្កាត់នគរធំ មានប្រសាសន៍នៅក្នុងកម្មវិធីផ្សាយផ្ទាល់កម្មវិធីសន្ទនាមតិកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធទៅនឹងកិច្ចការរបស់ក្រុមប្រឹក្សាសង្កាត់ ក៏ដូចជា តម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា សង្កាត់នគរធំ ទទួលបានថវិកាមូលនិធិឃុំ សង្កាត់មានកម្រិត ហើយតម្រូវការមានច្រើនក្នុងមួយឆ្នាំៗ ។
លោក ង៉ា ចុង ចៅសង្កាត់នគរធំ ក៏បានលើកឡើងពីបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ ជាមួយអាជ្ញាធរជាតិអប្សរា ទៅលើការកសាងលំដ្ឋានថ្មីរបស់បងប្អូនប្រជាពលរដ្ឋ ពីព្រោះថា សង្កាត់នគរធំ ស្ថិតក្នុងតំបន់ប្រាសាទ ដែលអាជ្ញាធរជាតិអប្សរាគ្រប់គ្រង ដែលតម្រូវឱ្យមានការសុំអញ្ញាតមុននឹងធ្វើអ្វីៗ ដូចជា សុំបំបែកគ្រួសារ ជួសជុលផ្ទះ ការធ្វើបង្គន់អនាម័យ ។ ល។ លោកក៏បាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើអ្វីមួយនៅក្នុងមូលដ្ឋានដែលជាតំបន់បេតិកភ័ណ្ឌពិភពលោក ធ្វើយ៉ាងណាគឺត្រូវមានច្បាប់ មានទម្លាប់ គឺការសុំច្បាប់តាមរយៈភូមិ ឃុំ ដោយរដ្ឋបាលសង្កាត់មិនតម្រូវឲ្យមានការបង់សេវានោះទេ។ ក្នុងនោះដែរ លោកចៅសង្កាត់ ក៏បានសំណូមពរដល់អាជ្ញាធរជាតិអប្សរា សុំឲ្យមានការលើកលែងចំពោះករណីសាងសង់មួយចំនួនដល់បងប្អូនប្រជាពលរដ្ឋផង ព្រោះបងប្អូនប្រជាពលរដ្ឋភាគច្រើន ពួគគាត់គឺជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់នេះជាយូរឆ្នាំណាស់មកហើយ ។
លោកចៅសង្កាត់ បញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២១៩ សង្កាត់នគរធំ បានប្រើប្រាស់ថវិកាមូលនិធិសង្កាត់ ដើម្បីជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ២,០៧៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង និងភូមិអារក្សស្វាយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលធ្វើដំណើរទៅរៀនសូត្រ។ ឆ្នាំ២០២០ សង្កាត់បានជួសជុលផ្លូវចំនួន២ខ្សែទៀត ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូងមានប្រវែង៩២០ម៉ែត្រ និងភូមិអញ្ចាញ មានប្រវែង២,៣២៣ម៉ែត្រ និងក្នុង២០២១ នេះ អាជ្ញាធរសង្កាត់មានគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន ២ខ្សែ ដោយខ្សែទី១ ហៅថា ផ្លូវបឹងមាលា ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង តភ្ញាប់ពីផ្លូវគ្រួសក្រហមប្រាសាទព្រះបាតជុំ ទៅទល់នឹងសង្កាត់អំពិល មានប្រវែង ១ ,៤៩៤ម៉ែត្រ និងផ្លូវ១ខ្សែទៀតស្ថិតនៅក្នុងភូមិអារក្សស្វាយ មានប្រវែង១,០០០ម៉ែត្រផងដែរ ៕
ប្រភព៖ ក្រសួងព័ត៌មាន