សៀមរាប៖ បន្ទាប់ពីច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងការពេញចិត្ដ និងគាំទ្រដល់រាជរដ្ឋាបាលពេញទំហឹង ដោយទទួចឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ព្រោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដែលជាជំងឺដ៏កាចសាហាវបំផុត បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស ។

អ្នកស្រី នួន គឹមសួរ ជាប្រជាពលរដ្ឋនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បានមានប្រសាសន៍ថា អុ្នកស្រីសូមសម្ដែងការពេញចិត្ដ និងគាំទ្រយ៉ាងខ្លាំងទៅលើច្បាប់នេះ ព្រោះថា រាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើង គឺចង់ឲ្យប្រជាពលរដ្ឋខ្លួនរួចផុតពីគ្រោះថ្នាក់ ដែលបង្កើតឡើងពីអ្នកដទៃ ហើយដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្ដខុសនោះ ដែលបញ្ហានេះនឹងធ្វើឲ្យប្រជាជាតិមានសេចក្ដីសុខ មានសុវត្ថិភាព និង មានការអភិវឌ្ឍ ព្រោះថា ប្រសិនបើប្រទេសជាតិគ្មានច្បាប់គ្រប់គ្រងទៅលើបញ្ហាអ្វីមួយទេនោះ វាបណ្ដាលឲ្យកើតមានអន្ដិសុខក្នុងសង្គម ។

មិនខុសគ្នាដែរលោក សោ តារា ជាប្រជាពលរដ្ឋនៅភូមិតាវៀន សង្កាត់សាលាកំរើក បានឲ្យដឹងដែរថា ក្រោយពីផ្ទុះជំងឺកូវីដ-១៩ ចូលប្រទេសកម្ពុជា មានប្រជាពលរដ្ឋខ្មែរមួយចំនួនដែលបានផ្ទុកមេរោគនេះ ហើយបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បង្កជាការផ្ទុះចូលសហគមន៍ ដែលធ្វើរាជរដ្ឋាភិបាលមានការព្រួយបារម្ភខ្លាចបញ្ហាកើតឡើងធំ ទើបបានបង្កើតច្បាប់នេះឡើងមិនអោយប៉ះពាល់ដល់សុខភាពមនុស្ស ។

លោកបានឲ្យដឹងទៀតថា ច្បាប់នេះមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ការពារប្រជាពលដ្ឋខ្មែរឲ្យរួចផុតពីជំងឺកាចសាហាវ ជាពិសេសទប់ស្កាត់មនុស្សណាដែលវិជ្ជមានកូវីដ-១៩ ទៅចម្លងមនុស្សផ្សេងទៀត។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិនេះ សូមសម្ដែងការពេញចិត្ដយ៉ាងខ្លាំងទៅលើច្បាប់នេះ និងសុំឲ្យប្រជាពលរដ្ឋផ្សេងទៀត ចូលរួមគាំទ្រ ដល់រាជរដ្ឋាភិបាល ដើម្បីឲ្យអនុវត្ដច្បាប់នេះ កាន់តែមានប្រសិទ្ធភាពទៅលើពលរដ្ឋណាដែលមានផ្ទុកមេរោគកូវីដ-១៩ ហើយដើរចម្លងដល់អ្នកដទៃ ។

គួរំលឹកថា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងក្រសួងយុត្តិធម៌និងក្រសួងសុខាភិបាល ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់នេះយើងធ្វើក្នុងស្ថានភាពបន្ទាន់ ហើយបទបញ្ញត្តិចុងក្រោយ គឺច្បាប់នេះត្រូវប្រកាសជាការប្រញាប់ មានន័យថា ច្បាប់នេះចូលជាធរមានភ្លាម ក្រោយប្រកាសឲ្យប្រើ ។ បានន័យថា ច្បាប់នេះប្រកាសឲ្យប្រើកាលពីថ្ងៃទី១១ ខែមីនា ២០២១ ត្រូវអនុវត្តចាប់ពីម៉ោងដំបូង នៃថ្ងៃទី១២ ខែមីនា ២០២១ តែម្តង ហើយម្យ៉ាងទៀត ច្បាប់នេះ យើងធ្វើចំពេលវេលា នៃការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ អញ្ចឹងបើសិនជាទុកពេលផ្សព្វផ្សាយ ១ ឬ២ឆ្នាំ ដើម្បីអនុវត្តនោះ វាលែងមានអត្ថន័យហើយ ។

មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ការពារច្បាប់នៅវិមានព្រឹទ្ធសភា ឯកឧត្ដម កើត រិទ្ធ បានបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈប្រជាជន។ ចំពោះទោសបញ្ញត្តិវិញយើងនិយាយជារួម ទោសបញ្ញត្តិនេះបង្កើតឡើង ដើម្បីដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិត ដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសុខភាពសាធារណៈតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ច្បាប់នេះ មាន៦ជំពូក និង១៨មាត្រា ហើយចាប់ពីមាត្រា៥ ដល់មាត្រា១១ ត្រូវដាក់ទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ ទៅលើបុគ្គលដែលមិនអនុវត្ដតាមវិធានការសុខាភិបាល ក៏ដូចជាវិធានរដ្ឋបាល ដែលក្នុងនោះ ទោសព្រហ្មទណ្ឌមានពិន័យជាប្រាក់ និងដាក់ទោសពី ៦ខែដល់២០ឆ្នាំ និងទណ្ឌកម្មរដ្ឋបាលប្រឈមដកហូតឬព្យួរអាជ្ញាប័ណ្ណ និងបិទអាជីវកម្មជាដើមផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន