ប្រជាពលរដ្ឋនៅតាមដងផ្លូវនិងអ្នកលក់ដូរឬដើរទិញទំនិញតាមទីផ្សារនានាក្នុងក្រុងបាត់ដំបងពាក់ម៉ាស់ស្ទើរ១០០ភាគរយ

332
បាត់ដំបង៖ នៅតាមដងផ្លូវនានា ក្នុងក្រុងបាត់ដំបង និង អ្នកដើរទិញទំនិញព្រមទាំង អ្នកលក់ដូរតាមទីផ្សារនានា យើងសង្កេត​ឃើញ​ថា បានប្រែឥរិយាបថ ស្ទើរ១០០ភាគរយមកពាក់ម៉ាស់ និង រក្សាគម្លាតគ្នាបានយ៉ាងល្អ នាពេលបច្ចុប្បន្ននេះ ។

ការងាកមកគោរពតាមវិធានការសុខាភិបាលនេះ ក្រោយពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩និងជំងឹឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាល​ពីថ្ងៃទី១២មីនា ដែលអនុក្រឹត្យនេះ បានឱ្យពលរដ្ឋគ្រប់រូបអនុវត្តន៍ នូវវិធានការសុខាភិបាលផ្សេងៗ ព្រមទាំងមានកា​រផាកពិន័យនិងដាក់ទោសទណ្ឌផងដែរ។

អាជីវករលក់ដូរនៅផ្សារបឹងឈូកបាននិយាយថា គាត់សង្កេតឃើញថាប៉ុន្មានថ្ងៃចុងក្រោយនេះក្រោយពីរាជរដ្ឋាភិបាល​ចេញអនុក្រឹត្យខាងលើផង ,ព្រមានផង ,ផ្សព្វផ្សាយអប់រំផង និង មានព័ត៌មានស្តី ពីការផ្ទុះជំងឺកូវីដ១៩​ចូលសហគមន៍ក្នុងព្រឹត្តការណ៍២០កុម្ភៈកាន់តែឆ្លងរាលដាលផងនោះ ក្រុមអាជីវករ បាននាំគ្នាផ្អើលពាក់ម៉ាស់ស្ទើរ១០០ភាគរយ ដែលពីមុនមិនសូវអើពើនិងការពាក់ម៉ាស់នោះទេ។

អាជីវករ ៖ ខ្ញុំពាក់ម៉ាស់ដោយសារខ្លាចទាំងពីរ គឺខ្លាចឆ្លងជំងឺកូវីដ១៩ដល់ខ្លួនឯងផង កូននិងគ្រួសារខ្ញុំផង ហើយខ្លាចគេផាកពិន័យផង ដែលលឺថាមិនពាក់ម៉ាស់ផាក២០ម៉ឺនរៀល ។

អាជីវករបញ្ជាក់ថា មិនត្រឹមតែពាក់ម៉ាស់ទាំងអ្នកទិញនិងអ្នកលក់នោះទេ សូម្បីតែការក្សាគម្លាតក៏មិនសូវមានការប្រ​ជ្រៀតគ្នាដូចមុនដែរ ដោយសារតែបច្ចុប្បន្ននេះ មនុស្សម្នាធ្លាប់តែមកផ្សារកកកុញនោះ បែជាស្ងាត់ ជ្រងំ មិនសូវមានអ្នកមកដើរផ្សារដូចមុននោះទេ ។

សូមបញ្ជាក់ថា ក្រៅពីរាជរដ្ឋាភិបាលដាក់ចេញអនុក្រឹត្យ ស្តីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩និ​ងជំងឹឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពី ថ្ងៃទី១២មីនា និង ការផ្សព្វផ្សាយអប់រំពីវិធានការនានា ដើម្បីការពារការឆ្លង រាលដាលជំងឺកូវីដ១៩នោះ អាជ្ញាធរ ខេត្តបាត់ដំបង បានធ្វើការផ្សព្វ ផ្សាយនិងចាត់វិធានការជាបន្តបន្ទាប់ជុំវិញ ការការពារ ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ផងដែរ ។ កាលពីថ្ងៃទី១៥ មីនា រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចផ្អាកបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង បុណ្យទាន ពិធីសាសនា និងពិធីជួបជុំផ្សេងៗក្នុងលក្ខណៈប្រមូលផ្តុំមនុស្សច្រើន នៅគ្រប់មូលដ្ឋានទាំងអស់នៃភូមិសាស្រ្តខេត្ត បាត់ដំបង រហូតដល់ព្រឹត្តិការណ៍២០កុម្ភៈត្រូវបានបញ្ចប់ ឬ ទទួលការជូនដំណឹងជាថ្មី ។

បច្ចុប្បន្ននេះ មិនត្រឹមតែទីផ្សារ និង ទីប្រជុំជននានា ក្នុងក្រុងបាត់ដំបង មិនសូវមានប្រជាជន មកអ៊ូអ៊រដូចមុននោះទេ សូម្បីតែហាងលក់ទំនិញ អាហារដ្ឋាន ឬកន្លែងលក់ដូរនានា ក៏ស្ងាត់មិនសូវមានមនុស្សដើរ និង មកទិញដូចមុនដែរ ដោយពួកគាត់ភាគច្រើនយល់ដឹងកាន់តែច្បាស់ពីវិធានការនានារបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដោយប​ញ្ជាក់​ពីការ​បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ចំនួន ១០៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៨៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, និងស្លាប់០១នាក់ ៕

ប្រភព៖ ក្រសួងព័ត៌មាន