ភ្នំពេញ៖ ប្រជាពលរដ្ឋតាមបណ្តារាជធានី-ខេត្ត បានគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីប្រឆាំងជំងឺកូវីដ-១៩ ដោយសារច្បាប់នេះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ការពារប្រជាពលរដ្ឋកម្ពុជាឱ្យចៀសឆ្ងាយពីជំងឺឆ្លងដ៏កាចសាហាវនេះ។

បើតាមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បាននិយាយថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យប្រើច្បាប់ ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ឃើញថាប្រជាពលរដ្ឋជាច្រើនបានចូលរួមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆំាងនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ពួកគាត់បានគាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់នេះ ព្រោះរាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើងគឺសម្រាប់ប្រើប្រាស់ទៅលើបុគ្គលណាដែលមិនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដែលទង្វើនេះបង្កឱ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរទៅដល់អ្នកដទៃ ។

សូមបញ្ជាក់ថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» មាន៦ជំពូក និង១៨មាត្រា ធ្វើឡើងក្នុងគោលបំណងកំណត់ពីវិធានការច្បាប់ កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល ឬវិធានការផ្សេងទៀត ដែលត្រូវអនុវត្តប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមា នូវការប៉ះពាល់ការឆ្លងជំងឺនេះ ចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕