លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងមន្ត្រីសាខា បានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ទៅឧបត្ថម្ភ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន០៩គ្រួសារ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានធ្វើការ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ០៩គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក ព្រមទាំង ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក សុំឱ្យអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដើម្បីធានាថា សហគមន៍ និងក្រុម គ្រួសារយើងមិនមានការឆ្លងជំងឺកូវីដ-១៩ ចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងរាលដាល ជំងឺកូវីដ-១៩ ត្រូវលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ធ្វើអនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ថែរក្សា អនាម័យជាប្រចាំដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច នៅពេលចេញទៅកាន់ទីប្រជុំជនផ្សារទី សាធារណៈអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងធ្វើការណែនាំអំពីរបៀប រស់នៅធម្មតា តាមបែបគន្លងថ្មី ពិសេសអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ ក្នុងនោះ ៣.ការពារ៖ ១.ពាក់ម៉ាស, ២.លាងសម្អាតដៃ, ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាព បុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តន៍ឱ្យបានគ្រប់គ្នា ចំណុចបីប្រការនេះ វាមានសារៈសំខាន់ណាស់ ទើបយើងអាចយកឈ្នះលើជំងឺកូវីដ-១៩។ ៣.កុំ៖ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល, ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ, ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។

សូមបញ្ជាក់ថា សម្ភារដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋ ទាំង០៩គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេសតូច ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ប្រេងឆា ១ដប និងថវិកា ១០ម៉ឺនរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន