សៀមរាប៖ ក្រុមការងារបច្ចេកទេសស្ពានថ្នល់ មកពីក្រសួងការពារជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យបច្ចេកទេសរបស់កងវិស្វកម្ម១៧៨ ដែលទទួលបន្ទុកការងារស្ថាបនាផ្លូវចំនួន១៣ខ្សែ ដែលជាចំណែកមួយនៃគម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ។
ឧត្តមសេនីយ៍ឯក សឿន រឿត នាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីដំណើរការគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប កងវិស្វកម្ម ១៧៨ ទទួលស្ថាបនាផ្លូវចំនួន១៣ខ្សែ ជាផ្លូវស្ថិតក្នុងតំបន់មានភាពស្មុកស្មាញ ដែលបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវ ។ លោកឧត្តមសេនិយ៍បន្តទៀតថា ការងារស្ថាបនាផ្លូវទាំង១៣ខ្សែនេះ មានប្រវែងសរុប ២៦.៥៤គីឡូម៉ែត្រ មកដល់ពេលនេះធ្វើបាន២៥%ហើយ ក្នុងនោះផ្លូវមួយចំនួនបានធ្វើការរៀបចំគ្រឹះ និងរៀបចំដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់បានរួចរាល់ ហើយផ្លូវមួយចំនួនមានភាពយឺតយ៉ាវ ដោយខ្វះខាតលូ ដោយក្រុមហ៊ុនផលិតលូ ផ្គត់ផ្គង់ផ្តល់មិនទាន់ពេលវេលា ត្រូវការរង់ចាំការងារបង្កប់បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងខ្សែកាបជាដើម។
នៅក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវៃ នាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការរបស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណ:បច្ចេកទេស ទៅតាមសៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថានឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការដែលបានគ្រោងទុក ។ នៅក្នុងដំណាក់កាលដំបូង នៃគម្រោងនេះ គឺការយកចិត្តទុកដាក់តាមដាន ការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ដែលតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា ។
៉ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់ ព្រមទាំងបានធ្វើការដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ប្រកបទៅដោយបច្ចេកទេសល្អ ក្នុងការធានាប្រើប្រាស់បានយូរអង្វែងទៀតផង ៕
ប្រភព៖ ក្រសួងព័ត៌មាន