សិស្សចំនួន២០នាក់ រៀននៅសាលាវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ ដឹកយកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ។
បើតាមការបញ្ជាក់ពីលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីថា ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩និង៣០នាទី នាថ្ងៃទី១៧ ខែមីនានេះ គឺមានសិស្សដែលកំពុងរៀននៅវិទ្យាល័យភ្នំធំបានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ នៅក្នុងសាលានេះ ហើយបាននាំគ្នាដឹកបញ្ជូនយកទៅកាន់មន្ទីរពេទ្យធ្វើការជួយសង្គ្រោះបន្ទាន់នោះ។
លោកអភិបាលស្រុកមង្គលបូរីរូបនេះបានបញ្ជាក់ទៀតថា មូលហេតុដែលបង្កឱ្យ មានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់បែបនេះ អាចបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងហប់ខ្យល់ ទើបធ្វើឱ្យសិស្សដែលកំពុងតែរៀនមានអាការៈថប់ដួលសន្លប់តែម្តង។ ក្រោយពី ទទួលបានព័ត៌មាននេះភ្លាម លោកក៏បានចុះទៅដល់ទីតាំងដើម្បីបញ្ជូនសិស្សានុសិស្ស រងគ្រោះទាំងអស់នោះទៅកាន់មន្ទីរពេទ្យ ដោយខ្លះដឹកតាមម៉ូតូ ទៅមន្ទីរពេទ្យ និងគ្លីនិកឯកជនក្បែរនោះ និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំនួន៥នាក់។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ទៀតថា រហូតមកទល់ម៉ោង១២ថ្ងៃត្រង់នេះសិស្សដែលបានដួលសន្លប់ទាំង២០នាក់នោះ មានអាការៈធូរស្បើយ និងបានត្រលប់ទៅគេហដ្ឋាន រៀងខ្លួនខ្លះហើយដែរ នៅសល់មួយចំនួនពេទ្យកំពុងបន្តតាមដានដែល អាចអនុញ្ញាតឱ្យចេញទៅផ្ទះនៅរសៀលនេះផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន