MC.ផ្សារអាហារធម្មជាតិខេត្តសៀមរាបបានជួយលើកកម្ពស់ ផលិតភាពបន្លែសុវត្ថិភាពនិងការគាំទ្រកសិផលខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ដាំបន្លែ ផ្លែឈើធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ក៏ដោយ។

លោករិច ចំរើន នាយកផ្សារអាហារធម្មជាតិសាខាខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា ដំបូងឡើយផ្សារអាហារធម្មជាតិ មានទីតាំងតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ តែថ្មីៗនេះសង្កេត ឃើញថា ខេត្តសៀមរាប មានផលិផលកសិកម្មរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជាច្រើន ជួបប្រទះបញ្ហាប្រឈមក្នុងការលក់ផលិតផលរបស់ខ្លួននោះ ទើបលោកសម្រេចចិត្តបើកបន្ថែមទីតាំងលក់ក្នុងខេត្តសៀមរាប។លោកបន្តថា ផ្សារអាហារធម្មជាតិ សៀមរាប បានបើកដំណើរការ ដើម្បីចូលរួមចំណែកជាមួយប្រជាសហគមន៍ ក្នុងការលក់ដូរផលិតផលបន្លែផ្លែឈើ ធម្មជាតិ និងផលិតផលខ្មែរជាច្រើនមុខទៀត ដែលបងប្អូនប្រជាពលរដ្ឋបានចងក្រងដាំដុះនៅមូលដ្ឋាន។ ម្យ៉ាងវិញទៀតបានជួយដោះស្រាយបញ្ហាទីផ្សាររបស់ប្រជាសហគមន៍កុំឱ្យសល់ជន់ជោរចោល។

លោករិច ចំរើន នាយកផ្សារអាហារធម្មជាតិសាខាខេត្តសៀមរាប បានសំណូមពរដល់អតិថិជនទាំងអស់ សូមជួយគាំទ្រ កសិផលខ្មែរ ដែលមានលក់នៅក្នុងផ្សារអាហារធម្មជាតិសាខាខេត្តសៀមរាប ដែលសុទ្ធសឹងតែជាបន្លែ ផ្លែឈើ ធម្មជាតិ ធានាសុវត្ថិភាព សុខភាពរបស់អ្នកទទួលទាន និងការលក់ជូនក្នុងតម្លៃសមរម្យ ។

គោលបំណងសំខាន់ដែលយើងបើកលក់នៅសៀមរាបនោះគឺ យើងឃើញមានកសិផលនៅជុំវិញនោះច្រើនមានសហគមន៍ ហើយនៅថ្ងៃចុងសប្តាហ៍យើងឃើញមានផ្សារមួយបើកលក់ដែរ តែផុតពីថ្ងៃហ្នឹងទៅគាត់ពិបាករកកន្លែងលក់ ហើយយើងចង់ទៅដោយសារចង់ឱ្យពួកគាត់មានកន្លែងលក់ផលិតរបស់ខ្លួន យើងគាំទ្រកសិផលហ្នឹង យើងមើលទីផ្សារបច្ចុប្បន្នវាពិបាកស្ថានភាពសេដ្ឋកិច្ច គោលដៅរួមគ្នាជាមួយសហគមន៍យើងអត់ធ្វើការជាមួយកសិករដាច់ដោយឡែកទេ យើងធ្វើជាមួយសហគមន៍ ព្រោះសហគមន៍គាត់មានបណ្តាញស្រាប់ មានការចងក្រងជាក្រុមស្រាប់ ហើយគាត់មានជំនួយបច្ចេកទេសផ្សេងៗពីមន្ទីរកសិកម្មនិងអង្គការដៃគូនានា ទាក់ទងជាមួយតម្លៃដូចតែបងប្អូនទិញនៅផ្សារចុងសប្តាហ៍អ៊ីចឹង អត់ខុសគ្នាទេ គោលដៅយើងឃើញស្ថានភាពលំបាកអ៊ីចឹង យើងអត់យកចំណេញពីសហគមន៍ទេ ឱ្យតែសហគមន៍គាត់មានកន្លែងលក់ផលិតផលរបស់ខ្លួន។

សូមជម្រាបផងដែរថា ផ្សារអាហារធម្មជាតិ សៀមរាប និងសហគមន៍អ្នកដាំបន្លែសុវត្ថិភាពសៀមរាប បានសហការគ្នាដើម្បីលើកកម្ពស់គាំទ្រកសិផលខ្មែរ ក្នុងតម្លៃដូចដែលខាងសហគមន៍លក់នៅផ្សារចុងសប្តាហ៍ខេត្តសៀមរាប។ ដូច្នេះសូមបងប្អូនជួយទិញបន្លែ កសិផលសុវត្ថិភាព ពីផ្សារអាហារធម្មជាតិ សាខាសៀមរាបដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងបរិវេណការ៉ាស់សាំងភីធីធី (Ptt) ក្បែរស្តុបចររាចរណ៍ ផ្លូវលោកតាណឺយដោយបើកលក់ជូនចាប់ពីម៉ោង ៧និង៣០នាទីព្រឹកដល់ម៉ោង ២០យប់រៀងរាល់ថ្ងៃ ឬធ្វើការបញ្ជាទិញតាមទូរស័ព្ទក៏បាន៕

ប្រភព៖ ក្រសួងព័ត៌មាន