កង់បេរ៉ា៖ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀល ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាស ផ្ដល់កញ្ចប់ ថវិកាបន្ថែម ៣៩.៩លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ បណ្ដាសហគមន៍ រងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ដែលកំពុងបន្តលុកលុយស្ទើរតែទាំងប្រទេស។ ការប្រកាសផ្ដល់កញ្ចប់ថវិកាបន្ថែមនេះ ធ្វើឡើងដោយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្កុតត៍ ម៉ូរីសុន (Scott Morrison) និងរដ្ឋមន្ត្រីទទួលបន្ទុកសេវាសង្គម និងគ្រួសារ លោកស្រី អានណេ រ៉ាស្តុន (Anne Ruston) នៅថ្ងៃពុធនេះ ហើយកញ្ចប់ថវិកា ទំាងនេះទៀតសោត នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្កើនប័ណ្ណទទួល ម្ហូបអាហារ មិនគិតថ្លៃ ជាការគាំទ្រដល់សេវាសង្គមនានា ព្រមទាំងការផ្ដល់ ជំនួយហិរញ្ញវត្ថុដល់ ប្រជាជនអូស្ត្រាលី ដែលកំពុងរងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ជាពិសេសនៅរដ្ឋ New South Wales និងរដ្ឋ Victoria ផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកទល់នឹង ពេលបច្ចុប្បន្ននេះបានផ្ដាច់ជីវិតមនុស្ស ២៨នាក់, បំផ្លាញផ្ទះ សម្បែងច្រើនជាង ២,៥០០ខ្នង ហើយសត្វអាចដល់ទៅជិតមួយពាន់លានក្បាល ត្រូវបានគេគណនា ថាបានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាតភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេស ប៊ុលហ្គារី។ នេះជាគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយ ប្រចាំប្រវត្តិសាស្ត្រ អូស្ត្រាលី ចំពោះមុខការគំរាមកំហែងជាលក្ខណៈអន្តរជាតិ អំពីផលប៉ះពាល់ ដែលបង្កឡើងដោយការកើនឡើងកម្តៅនៃភពផែនដី៕