(អន្តរជាតិ)៖ នៅក្នុងកិច្ចប្រជុំថ្នាក់កំពូលរវាងភាគីចិន និងអាមេរិក ក្នុងទីក្រុង អានចូរ៉េច (Anchorage) នៃរដ្ឋអាឡាស្កា នៅថ្ងៃ១៨ ម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បាននិយាយនៅចំពោះមុខភាគីចិនថា សកម្មភាពរបស់ចិនកំពុងគំរាមកំហែង ដល់ស្ថិរភាពសកលលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំរវាងអាមរិក ជាមួយសមាជិកនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន ដោយមានលោក យ៉ាង ជីឈី (Yang Jiechi) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Antony Blinken) បានឱ្យដឹងទៀតថា ខាងភាគីសហរដ្ឋអាមេរិកនឹងបើកការពិភាក្សា ស្តីអំពីសកម្មភាពរបស់ចិន ក្នុងនោះរួមមានទាំងតំបន់ស៊ីនជាំង ជាទីដែលទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិដើមភាគតិចមូស្លីម អ៊ុយហ្គ័រ (Uyghur) ខណៈទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះទាំងស្រុង។
លោក Antony Blinken ប្រមុខការទូតអាមេរិករូបនេះបានបន្ថែមថា សំណុំរឿងទីក្រុងហុងកុង, តៃវ៉ាន់, ការវាយប្រហារព័ត៌មានវិទ្យាលើសហរដ្ឋអាមេរិក, ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច ប្រឆាំងនឹងសម្ព័ន្ធមិត្ត ក៏នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយប្រមុខការទូតចិនទាំង២ផងដែរ។
ជាការឆ្លើយតប លោក Yang Jiechi បានព្រមានអាមេរិកចំពោះមុខភ្លាមៗដែរថា ចិនប្រឆាំងជាដាច់ខាត ចំពោះការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវចិត្តសាស្ត្រសង្រ្គាមត្រជាក់។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែប្រើប្រាស់ កម្លាំងយោធា និងហិរញ្ញវត្ថុ ដើម្បីគំរាមកំហែង និងដាក់សម្ពាធលើបណ្ដាប្រទេសដទៃ»។
គួរបញ្ជាក់ថា កិច្ចប្រជុំរវាង អាមេរិក និង ចិន ក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា ដែលប្រព្រឹត្តទៅ រយៈពេល ០២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា នេះ ហើយនេះគឺជាកិច្ចប្រជុំលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃដិន លោក ចេក ស៊ុលលីវែន (Jake Sullivan) ជាមួយសមាជិកនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។
ក្នុងកិច្ចប្រជុំនេះ ក្នុងគោលបំណង ដោះស្រាយបញ្ហាប្រឈមរួមរវាងភាគីទាំង២ ដើម្បីពន្លត់ភ្លើងសង្រ្គាមត្រជាក់ខ្លះ តែគេសង្កេតមើលទៅហាក់ដូចមិនបានកាត់បន្ថយភាពតានតឹងដាក់គ្នាឡើយ ដូច្នេះគេមិនរំពឹងថា កិច្ចប្រជុំសមភាគីនេះ អាចនឹងមិនមានប្រសិទ្ធភាពជោគជ័យឡើយ បើសិនភាគីទាំងពីរនៅតែប្រកាន់ជំហ ប្រើសង្រ្គាមវោហារសាស្រ្តដាក់គ្នារៀងៗខ្លួននោះ៕