(កណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នឹងប្រើវិធានការក្តៅដោយចាត់ឲ្យក្រុមការងារ មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅរុះរើសំណង់ខុសច្បាប់នៅក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល ក្រោយមានការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ជាច្រើនហិកតានៅតាមតំបន់ទាំងនោះ ដោយសារមានការញុះញង់។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០កន្លងទៅ អាជ្ញាធរធ្លាប់បានព្រមានផ្លូវច្បាប់ចំពោះមេខ្លោង ដែលដឹកនាំសកម្មភាពធ្វើការញុះញង់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ឱ្យទៅចាប់ដីកម្មសិទ្ធឯកជនរបស់គេនៅភូមិព្រែកប៉ុល ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក, ភូមិព្រែកតាកែវ ភូមិព្រែកតាកែវ២, ភូមិជ័យឧត្តម ភូមិជ័យឧត្តម២ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកៀនស្វាយ ឱ្យជៀសវាងឱ្យឆ្ងាយពីបញ្ហានេះព្រោះអាចប្រឈមផ្លូវច្បាប់ ប៉ុន្តែការព្រមាននេះក្រុមមនុស្ស ទាំងនោះមិនព្រមស្តាប់នោះឡើយនៅតែបន្តការទន្ទ្រានបន្តទៀត រហូតមានចំណាត់ការពីអភិបាលខេត្តកណ្តាល។

ជាមួយនឹងចំណាត់ការខាងលើនេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះលោកអភិបាលខេត្ត បានប្រាប់ទៅអភិបាលខេត្តកៀនស្វាយ និងស្រុកស្អាង ឲ្យដឹកនាំក្រុមការងារចុះរុះរើសំណង់ខុសច្បាប់ទាំងនេះ និងកំណត់អត្តសញ្ញាណ អ្នកដែលចូលរំលោភកាន់កាប់ដី ជាពិសេសអ្នកញុះញង់នៅពីក្រោយ នៃការចូលរំលោភកាន់កាប់ដីនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបជូនថា សកម្មភាពនៃការដឹកនាំបំផុសពលរដ្ឋឱ្យទីចាប់យកដីរបស់គេ បានកើតឡើងជាញឹកញាប់ ដោយមានមេខ្លោងពីក្រោយខ្នង បានធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋ ឱ្យទៅចាប់ដីកម្មសិទ្ធឯកជនរបស់គេ នៅតាមបណ្ដាស្រុកមួយចំនួននៅខេត្តកណ្ដាល រួមមាន ស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ជាដើម ដែលសកម្មភាពនេះ ត្រូវបានម្ចាស់ដីជាច្រើនបានរអ៊ូរទាំថា ជាវិធីរកលុយព្រៃផ្សៃដោយគេប្រើវិធី «ឈ្នះបានដី ចាញ់បានលុយ» ខណៈពួកគាត់ស្នើរសុំថ្នាក់ដឹកនាំខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់ និងដោះស្រាយបញ្ហានេះជាបន្ទាន់ផង៕