ការវាយប្រហាររបស់ក្រុមបាតុករទៅលើរោងចក្រចិន នៅមីយ៉ាន់ម៉ា ជាការព្រមានលើឥទ្ធិពលចិន

389

អន្តរជាតិ៖ ការវាយប្រហាររបស់ក្រុមតវ៉ាថ្មីៗនេះទៅលើរោងចក្រសំខាន់ៗរបស់ចិនមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហាញពីលក្ខណៈស្មុគស្មាញ​ និងបញ្ហានៃទំនាក់ទំនងរបស់ប្រទេសមីយ៉ាន់ម៉ា ជាមួយចិន ចំពេលមានប្រតិកម្មជាសាធារណៈប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសុក្រ ទី១៩ នេះ។

ក្រុមបាតុករនៅមីយ៉ាន់ម៉ា បានសង្ស័យថា ទីក្រុងប៉េកាំង ជាអ្នកគាំទ្រចំពោះការកាន់កាប់របស់រដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ហើយក៏មានការអាក់អន់ចិត្តជាយូរមកហើយប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើង ហើយក្រុមអ្នកតវ៉ាបានទទួចថា ពួកគេមិនទទួលខុសត្រូវចំពោះការវាយប្រហារដែលបានកើតឡើងនៅលើរោងចក្ររបស់ចិនមួយចំនួន កាលពីចុងសប្តាហ៍មុន។ជុំវិញបញ្ហានេះ កាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិនបានអះអាងថា ក្រុមអ្នកតវ៉ា ដែលញុះញង់ដោយលោកខាងលិច បានធ្វើការវាយប្រហារទៅលើរោងចក្ររបស់ចិនចំនួន៣២ ដែលបណ្តាលឱ្យខូចខាតចំនួន ២៤០ លានយ័ន (ប្រហែល ៣០ លានដុល្លារអាមេរិក)។

ភាពវឹកវរនេះ ធ្វើឲ្យកើតមានរឿងមិនល្អសម្រាប់អាជីវកម្មចិន ហើយនិងបានកំពុងរារាំងវិនិយោគិន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែចិននឹងមិនអនុញ្ញាតឱ្យផលប្រយោជន៍របស់ខ្លួន ត្រូវប្រឈមនឹងការឈ្លានពានបន្ថែមទៀតទេ។ ប្រសិនបើអាជ្ញាធរមីយ៉ាន់ម៉ាមិនអាចទប់ស្កាត់បាន ហើយភាពវឹកវរនៅតែបន្តរីករាលដាល ប្រទេសចិនអាចនឹងត្រូវបង្ខំចិត្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន” ។ជាមួយនឹងការភ្ជាប់អ៊ីនធឺណេត និងទូរស័ព្ទចល័តមានកំណត់ ធ្វើឲ្យអ្នកសង្កេតការណ៍ខាងក្រៅ ប្រឈមនឹងការលំបាកក្នុងការផ្ទៀងផ្ទាត់អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬទទួលបានការឆ្លើយតបជាផ្លូវការពីរបបយោធា។ តំបន់ឧស្សាហកម្ម Hlaing Thayar ដ៏ធំល្វឹងល្វើយ និងតំបន់ជាច្រើនទៀតនៃទីក្រុងរ៉ុងហ្គូន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា បានស្ថិតនៅក្រោមច្បាប់អាជ្ញាសឹកចាប់តាំងពីថ្ងៃច័ន្ទ (១៥ មីនា) ដោយដាក់តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងយោធាទាំងស្រុង និងបានក្លាយជាសមរភូមិដ៏ក្តៅគគុករវាងក្រុមបាតុករគាំទ្រលោកស្រី អ៊ុង សានស៊ុជី និងក្រុមរដ្ឋប្រហារយោធា ដែលបង្កឲ្យមានអ្នកស្លាប់ និងអ្នករបួសជាច្រើនអ្នក រួមទាំងបំផ្លិចបំផ្លូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងនេះអស់ជាច្រើនផងដែរ។