អង្គការ អភិរក្សសត្វព្រៃ WWF កម្ពុជា បានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះថា សត្វទន្សោងជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជិតផុតពូជមួយ ក្នុងចំណោមប្រភេទសត្វព្រៃផ្សេងទៀត។ នៅក្នុងប្រទេសកម្ពុជា សត្វនេះមានចំនួន រស់នៅច្រើនជាងគេនៅលើសកលលោក។

ទោះជាយ៉ាងណាក៏ដោយ អង្គការ WWF កម្ពុជា បានសម្តែងការព្រួយបារម្ភថា របាយការណ៍ឆ្នាំ២០២០ នៃការប៉ាន់ប្រមាណចំនួនសត្វក្រចកជើងចំពាមនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ខេត្តមណ្ឌលគិរី បានបង្ហាញថា ចំនួនសត្វទន្សោងបានធ្លាក់ចុះចំនួន ៧២%  ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិនៃការដាក់អន្ទាក់ និងការប្រម៉ាញ់ខុសច្បាប់ ។ ស្ថានភាពនេះ ទាមទារឲ្យមានវិធានការរួមគ្នាបន្ទាន់ និងខ្លាំងក្លាជាងមុន ដើម្បីស្តារ និងអភិរក្សចំនួនសត្វទន្សោងដែលនៅសេសសល់ទាំងនេះ ព្រមទាំងការពារទីជម្រករបស់វា។

ជាមួយគ្នានេះដែរ អង្គការ WWF កម្ពុជា បានបង្កើតកម្មវិធីមួយ ដែលហៅថា ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ ក្នុងគោលបំណងចូលរួម ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសារៈសំខាន់ជាសកល នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតសម្រាប់ការស្តារ និងការពារប្រភេទថនិកសត្វមាឌធំទាំងនេះ ក៏ដូចជាសត្វព្រៃសំខាន់ៗផ្សេងទៀត សម្រាប់ជាប្រយោជន៍ដល់ធម្មជាតិ និងមនុស្សជាតិ។

សូមបញ្ជាក់ថា៖ ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច នៃតំបន់ព្រៃខ្ពង់រាបភាគខាងកើត គ្របដំណ្តប់លើផ្ទៃដីព្រៃទំហំប្រមាណជា ៦០០.០០០ ហិកតា ក្នុងខេត្តមណ្ឌលគិរី។ តំបន់ការពារទាំងពីរជាទីជម្រកធម្មជាតិសម្រាប់ប្រភេទសត្វដែលមានសារៈសំខាន់ជាសកលជាច្រើនដូចជា សត្វដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយងយក្ស ត្រយងចង្កំកស និងក្រពើភ្នំជាដើម។ បក្សីប្រមាណជា ៤៤៦ ប្រភេទ ដែលរួមមានទាំងសត្វបក្សីរងគ្រោះថ្នាក់ជិតផុតពូជជាសកលចំនួន ១៥ ប្រភេទ ផងដែរនោះ ត្រូវបានគេកត់ត្រាថា មានវត្តនៅតំបន់ការពារទាំងពីរនេះ។ បន្ថែមពីនេះទៅទៀត នៅក្នុងតំបន់ការពារទាំងពីរនេះ មានវត្តមានសត្វទន្សោងរស់នៅច្រើនជាងគេបង្អស់ក្នុងទូទាំងសកលលោក និងមានវត្តមានសត្វដំរីអាស៊ីរស់នៅច្រើនជាងបង្អស់ក្នុងប្រទេសកម្ពុជា។

សូមចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ ដោយបញ្ឈប់ការ បរិភោគសាច់សត្វព្រៃ និងការប្រើប្រាស់ផលិតផលពីសត្វព្រៃ