បើយោងតាមលោក ពុធ បូ ប្រធានសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១នេះគឺមានសត្វស្លាប់ដែររស់នៅបឹងស្នេហ៍ ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុទេ។

លោកប្រធានសហគមន៍ ក៏បានបន្តទៀតថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែដែលសត្វទាំងអស់នេះតែងតែទៅរកចំណីអាហារឲ ហើយស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឲ្យពុលស្លាប់ និងមួយទៀត អាចមកពីការប្រែប្រួលអាកាសធាតុ(ក្តៅខ្លាំង) ។

ជុំវិញករណីនេះ លោក ទេព ភារុន អភិបាលស្រុកបារភ្នំ បានមានប្រសាសន៍ឲ្យដឹងថា លោកបានចាត់ឲ្យ មន្ត្រីបសុពេទ្យចុះពិនិត្យតាមដានមើលហើយ ហើយក៍បានរាយការណ៍ជូន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្ទីរបរិស្ថានខេត្តព្រៃវែង ឲ្យចុះមកពិនិត្យ រកមូលហេតុ នៃការងាប់សត្វទាំងនោះ ។

លោកបន្តថា ឃើញសត្វភាគច្រើនចុះមកផឹកទឹ ទំនងវាក្តៅពេកទេដឹង បានជាវាងាប់ ហើយមន្ត្រីជំនាញៗ បានប្រាប់ថា គេនឹងមកចុះពិនិត្យ។ ដ្បិតយើងមិនដឹងថា វាមានមេរោគអ្វីទេ ហើយបារម្ភបំផុតនោះខ្លាច វាមានជម្ងឺឆ្លងពីសត្វ មកមនុស្សថែមទៀតផង ។

លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឲ្យដឹងថា លោកមិនទាន់ហ៊ានសន្និដ្ឋានថាយ៉ាងម៉េចនោះទេដោយរង់ចាំជំនាញពីក្រសួងបរិស្ថានចុះមកស្រាវជ្រាវ រកមូលហេតុនៃការងាប់របស់សត្វទាំងអស់នេះ។

គូរកត់សម្គាល់ថា ចាប់តាំងពី ការផ្ទុះឡើងនូវការរីករាលដាល នៃជម្ងឺកូវីដ-១៩ ឆ្លងចូលសហគមន៍២០ គុម្ភ: ស្ទើរតែគ្មានភ្ញៀវទេសចរណ៍ ទៅទស្សនា មើលសត្វស្លាប បឹងស្នេហ៍ នោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន