អន្តរជាតិ៖ សកម្មជនមីយ៉ាន់ម៉ា គ្រោងធ្វើបាតុកម្មថ្មី រួមទាំងការអំពាវនាវ ឲ្យក្បួនបាតុករទាំងអស់ លើកម្រាមដៃ៣ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារ ទោះបីជាកម្លាំងយោធាបានសម្លាប់មនុស្សជាច្រើននាក់ នៅចុងសប្តាហ៍នេះក៏ដោយ។ នេះតាមការផ្សាយរបស់ CNA នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែមីនា ២០២១ ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពីការតវ៉ានៅព្រឹកថ្ងៃច័ន្ទនេះ  យ៉ាងហោចណាស់ មានចំនួន ២ក្រុមធំៗ នៅក្នុងទីក្រុងរ៉ុងហ្គោន បន្ទាប់ពីមានមនុស្សរាប់រយនាក់នៅក្នុងទីក្រុងម៉ាន់ដាឡេ រួមទាំងបុគ្គលិកពេទ្យជាច្រើននាក់ ពាក់អាវពណ៌ស បានដើរនៅពីមុខនៃជួរក្រុមបាតករ កាលពីថ្ងៃអាទិត្យ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានជាប់គាំងនៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ តែត្រូវបានផ្តួលរំលំដោយរដ្ឋប្រហាយោធាដែលនាំឱ្យមានការបញ្ចប់នូវកំណែទម្រង់ប្រជាធិបតេយ្យបណ្តោះអាសន្នអស់រយៈពេល ១០ ឆ្នាំ។

ការបាញ់ប្រហារបង្ហូរឈាមពីកម្លាំងយោធា ទៅលើក្រុមបាតុករបណ្តាលឲ្យស្លាប់ និងរបួសជាបន្តបន្ទាប់ ធ្វើឲ្យការងើបប្រឆាំងតវ៉ាកាន់តែខ្លាំងឡើងៗមិនថមថយឡើង ។ យ៉ាងហោចណាស់មានមនុស្ស ២៥០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីមានរដ្ឋប្រហារ កើតឡើង នេះបើយោងតាមតួលេខរបស់សមាគមជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយ ។

អំពើហឹង្សានេះបានបង្ខំឱ្យពលរដ្ឋជាច្រើនគិតអំពីវិធីថ្មី ដើម្បីបង្ហាញពីការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងរបស់របបយោធាមីយ៉ាន់ម៉ា ។

ដើម្បីប្រារព្ធខួបមួយខែ នៃការចាប់ផ្តើមបាតុកម្មដ៏ធំបំផុតមួយ ចាប់តាំងពីការធ្វើរដ្ឋប្រហារ និងកូដកម្មជាតិសកម្មជននៅក្នុងការប្រកាសលើបណ្តាញសង្គម បានជំរុញឱ្យប្រជាជននៅថ្ងៃច័ន្ទ ចូលរួមបាតុកម្មដោយក្បួនរថយន្ត និងឲ្យ

ក្រុមអ្នកតវ៉ានៅទូទាំងប្រទេស  នាំគ្នាអុជទៀន នៅពេលរាត្រីនាចុងសប្តាហ៍នេះ ផងដែរ។