បន្ទាប់ពីមានការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំការមន បានចុះពិនិត្យជាក់ស្ដែងទីតាំងអាជីវកម្មសេវាអុីនធើណេតកាហ្វេ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដេីម្បីធ្វេីកំណត់ហេតុបិទ ក្រោយពីក្រុមគ្រូពេទ្យ បានរកឃេីញអ្នកផ្ទុកកូវីដ-១៩បានចូលទៅកន្លែងអាជីវកម្មសេវាអុីនធើណេតកាហ្វេ។ជាក់ស្ដែង អាជ្ញាធរខណ្ឌចំការមន បានចុះធ្វើកំណត់ហេតុឱ្យបិទបានចំនួន១៦ទីតាំង ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានឱ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ គិតត្រឹមវេលាម៉ោង២២:០០នាទី ក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងសង្កាត់ បានចុះធ្វេីកំណត់ហេតុបិទទីតាំងអាជីវកម្មសេវាអុីនធើណេតកាហ្វេ បានចំនួន១៦ទីតាំង ក្នុងនោះរួមមាន៖

១-សង្កាត់ទន្លេបាសាក់ : ២ទីតាំង

២-សង្កាត់ទួលទំពូងទី១ : ៣ទីតាំង

៣-សង្កាត់ទួលទំពូងទី២ : ១ទីតាំង

៤-សង្កាត់បឹងត្របែក : ៥ទីតាំង និង

៥-សង្កាត់ផ្សារដើមថ្កូវ : ៥ទីតាំង។

លោក ថេង សុថុល បាន បញ្ជាក់ថានៅក្នុងខណ្ឌចំការមនមាន៣០ទីតាំង ប៉ុន្តែក្រុមការងារអាជ្ញាធរខណ្ឌចុះពិនិត្យជាក់ស្តែង ដែលត្រូវធ្វើកំណត់ហេតុបិទនោះ មានចំនួន១៦ទីតាំង ក្រៅពីនោះម្ចាស់អាជីវកម្មគាត់បានបិទដោយខ្លួនឯង ។ សូមរំលឹកថា កាលពីម្សិលមិញនេះអាជ្ញាធរខណ្ឌដូនពេញ ក៏បានចុះធ្វើកំណត់ហេតុឱ្យបិទទីតាំងកាហ្វេអ៊ីនធើណិត ក្នុងខណ្ឌដូនពេញ បានចំនួន៣៦ទីតាំងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន