លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានឱ្យដឹងនៅល្ងាចថ្ងៃទី២២ខែមីនាឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០២១ក្រុមគ្រូពេទ្យសហការជាមួយសមត្ថកិច្ចជំនាញបានរកឃើញបុរសជនជាតិខ្មែរម្នាក់បានវិលត្រឡប់មកពីស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ និងបានយកសំណាកទៅធ្វើតេស្តជាលទ្ធផល​មានវិជ្ជមានកូវីដ១៩។

លោកប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានបញ្ជាក់ថា បុរស់ម្នាក់ដែលផ្ទុកមេរោគកូវីដ១៩នេះ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លាក្រាម ក្រុងសៀមរាប ខេត្តសៀមរាបមានវ័យប្រមាណ៤០ឆ្នាំ ដែលបានតេស្តរកឃើញមានវិជ្ជមានកូវីដ១៩កាល​ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ លោកបន្តថា បច្ចុប្បន្នបុរសនេះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាប។

ដោយឡែកនៅថ្ងៃទី២២ខែមីនានេះ លទ្ធផលធ្វើតេស្តអ្នកពាក់ព័ន្ធឃើញថា ប្រពន្ធនិងកូនប្រុសរបស់គាត់ម្នាក់អាយុ១៣ឆ្នាំ​នៅសៀមរាបមានឆ្លងកូវិដ១៩ដែរ។បច្ចប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ប្រភព៖ ក្រសួងព័ត៌មាន