អ្នកដំណើរក្នុងរាជធានី ខេត្តចំនួន៥ដែលក្រសួងសុខាភិបាលបានកំណត់ថាជាតំបន់ឆ្លងជំងឺកូវីដ១៩ ត្រូវតែពាក់ម៉ាសនិងរក្សាគម្លាត លើកលែងតែអ្នកធ្វើដំណើរដោយមធ្យោបាយ ឯកជនដែលបិទជិត ហើយជាមួយសមាជិកគ្រួសារតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា សម្រាប់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប បុគ្គលក្នុងអំឡុងពេលធ្វើដំណើរតាមគ្រប់មធ្យោបាយត្រូវពាក់ម៉ាសជាកាតព្វកិច្ច លើកលែងតែការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាតែប៉ុណ្ណោះ។
ឯកឧត្ដមបន្តថា ក្នុងអំឡុងពេលធ្វើដំណើរតាមគ្រប់មធ្យោបាយករណីការរក្សាគម្លាតសុវត្ថិភាពបុគ្គលមិនអាចធ្វើទៅបាន ការពាក់ម៉ាសត្រូវធ្វើជាកាតព្វកិច្ច និងសូមប្រកាន់ខ្ជាប់នូវ ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ដើម្បីជាវិធានការក្នុងការបង្ការការចម្លង ឬការឆ្លងមេរោគកូវីដ-១៩ លើកលែងតែការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតជាមួយបុគ្គល ដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាតែប៉ុណ្ណោះ ។
យោងតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតបានបញ្ជាក់ត្រង់ចំណុច «ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសសម្រាប់បុគ្គល» ត្រង់មាត្រា៥ និងមាត្រា១៩បានចែងថា ការពាក់ម៉ាស ត្រូវធ្វើជាកាតព្វកិច្ចដោយផ្នែកតាមសកម្មភាពការងារឬស្ថានភាពមុខរបររបស់បុគ្គល និងតាមទីកន្លែងដែលមានហានិយភ័យនៃការចម្លងឬការឆ្លងមេរោគកូវីដ១៩។ ផ្អែកតាមការកំណត់នេះ បុគ្គលដែលបំពាននឹងកាតព្វកិច្ចពាក់ម៉ាស ត្រូវទទួលទណ្ឌកម្ម ដូចជា ការបំពានលើកទី១ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរ មានសមត្ថកិច្ច។
ការបំពានលើកទី២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី២០ម៉ឺនរៀល ទៅ១លានរៀល។ ក្នុងអនុក្រឹត្យក៏បានលើកឡើងដែរថា ចំពោះអ្នកមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ចំពោះបុគ្គល សហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម នឹងអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដដៃទៀត ដែលបំពាននឹងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ត្រូវទទួលទណ្ឌកម្មដូចជា បំពានលើកទី១ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ បំពានលើកទី២ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ ពី២០ម៉ឺនរៀល ទៅ១លានរៀល ចំពោះបុគ្គល។ ពី១លានរៀល ទៅ ៥លានរៀលចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត និងពី២លានរៀល ទៅ១០លានរៀល ចំពោះសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម។
សូមជម្រាបថា រាជធានីខេត្តចំនួន៥ខាងលើនេះត្រូវបានក្រសួងសុខាភិបាលកំណត់ និងប្រកាសថាជាតំបន់ដែលត្រូវតែពាក់ម៉ាស និងរក្សាគម្លាតពីព្រោះជាកន្លែងដែលមានការរីករាលដាលជំងឺកូវីដច្រើនជាងគេ ដែលរួមមាន រាជធានីភ្នំពេញ ខេត្ដព្រះសីហនុ ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដសៀមរាប៕ដោយ ប៊ុនរិទ្ធ
ប្រភព៖ ក្រសួងព័ត៌មាន