ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចហ៊ុនសែន ភ្នំពេញថ្មី (៦៦នាក់) និងវិទ្យាល័យសម្តេចហ៊ុនសែន បុរី១០០ខ្នង (១១៦នាក់) ក្នុងខណ្ឌសែនសុខ និងវិទ្យាល័យសម្តេចហ៊ុនសែន ពោធិ៍ចិនតុង (១២៦នាក់) ក្នុងខណ្ឌពោធិ៍សែនជ័យ សាលាបឋមសិក្សាសម្តេចហ៊ុនសែន ដង្កោ (១០១នាក់) ក្នុងខណ្ឌដង្កោ វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ (៦៩នាក់ ក្នុងខណ្ឌដូនពេញ និងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (១៦៤នាក់) ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សរុបចំនួន ៦៤២នាក់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃមួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំព្រឹទ្ធសភា សូមឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយបន្តថែទាំសុខភាពរៀងៗខ្លួន ប្រសិនជាមានបញ្ហាអ្វីមួយ សូមទាក់ទងមកកាន់មន្ត្រី និងកងកម្លាំង ដែលកំពុងប្រចាំការស្រាប់ និងជាពិសេសការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារជំងឺកូវីដ-១៩ «៣ការពារ ៣កុំ និង២ចូលរួម)។

អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ចំនួន ៦៤២នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកដោះគោកំប៉ុង ២កំប៉ុង ទឹកផ្លែឈើ ២ដប អូវ៉ាន់ទីន ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប នំ ១ប្រអប់ សាប៊ូកក់សក់ ១ដប សាប៊ូលាងដៃ ១ដប សាប៊ូម្សៅ ១កញ្ចប់ ម៉ាស ១ប្រអប់ ច្រាស និងថ្នាំដុសធ្មេញ ១ដើម ១ប្រអប់ ក្រដាសអនាម័យដុំ ១ប្រអប់ ក្រដាសអនាម័យដុំ ២ដុំ ធុងជ័រធំ ១ធុង និងថវិកាចំនួន ១០ម៉ឺនរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន