ប៉ៃលិន៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ចាប់ពីវេលាម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១មក នៅតាមវត្តអារាម នៃបណ្ដាក្រុង/ស្រុក ក្នុងខេត្តប៉ៃលិន បានចាប់ផ្ដើមធ្វើការវាយគង វាយជួង វាយរគាំង និងទូងស្គរ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងពុទ្ធិបរិស័ទក្នុងខេត្ត ឲ្យចងចាំ និងអនុវត្តនូវពីវិធានសុវត្ថិភាព ៣កុំ ៣ការពារ ក្នុងការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភ:។

លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ការការវាយគង ជួង រគាំង និងទូងស្គរ នៅតាមវត្តអារាមក្នុងខេត្តនេះ គឺអនុវត្តន៍តាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងដោយយោង តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភ:។ (ឃ្លីប)

ព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារ៉ាម ហៅវត្តប៉ាហ៊ី បានមានថេរដីកាថា៖ ជាទំនៀមទម្លាប់ខ្មែរពីបុរាណមកដល់បច្ចុប្បន្ននេះ ការវាយជួង និងទូងស្គរតាមវត្តអារាមនានានៅតែជាជំនឿមួយដែលព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទតែងតែជឿនិងអនុវត្តតៗមក ដើម្បីពញ្ញាក់ស្មារតីប្រជាពុទ្ធិបរិស័ទ ឱ្យបានដឹងពីហេតុភេទមិនល្អ គ្រោះភ័យនានា ឬព្រះចៅអធិការវត្តទទួលអនិច្ចធម្ម ដើម្បីជាសញ្ញាបណ្តេញនូវឧបទ្រុឌចង្រៃផ្សេងៗ រួមទាំងការអបអរសាទរ នូវសមិទ្ធផលនានា ឬក៏ជោគជ័យផ្សេងៗក្នុងមូលដ្ឋានស្រុកភូមិ និងទីអារាមផងដែរ ជាពិសេសសំឡេងទូងស្គរ ជានិច្ចជាកាល តែងតែប្រើនៅក្នុងរដូវចូលព្រះវស្សា ដើម្បីជាសញ្ញាប្រាប់ម៉ោងពេល ហើយឲ្យបរិស័ទ បានដឹងថាដល់វេលាឈប់សម្រាក ពីការងារ និងដាស់ឲ្យភ្ញាក់ពីនិន្ទ្រាបន្តកិច្ចការរៀងៗខ្លួនផងដែរ។

ចំណែកព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកាយខេត្តប៉ៃលិន និងជា ព្រះគ្រូចៅអធិការវត្តសន្តិមារាម ហៅវត្តអូរច្រា បានមានថេរដីកាថា៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា នៅតាមបណ្តាវត្តក្នុងខេត្ត បានធ្វើការវាយគង ជួង រគាំង ទូងស្គរ ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០ កុម្ភៈ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព គឺ៖ “៣ការពារ” រួមមាន ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី ១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង។ រីឯ “៣កុំ” រួមមាន៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ,កុំទៅកន្លែងមានមនុស្សច្រើនកុះករ ,កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបគ្នាជាដើម។

សូមបញ្ជាក់ថា៖ តាមរយ:សារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា គឺតម្រូវឱ្យតាមបណ្តាវត្តអារ៉ាមនៅទូទាំងប្រទេស ធ្វើការវាយគង ជួង រគាំង និងទូងស្គរ ដោយធ្វើឡើងចំនួន ៥លើក ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ៥:០០ព្រឹក ម៉ោង១១:០០ព្រឹក ម៉ោង២:០០រសៀល ម៉ោង៥:០០ល្ងាច និងម៉ោង៨:០០យប់ រហូតដល់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ត្រូវបានបញ្ចប់៕

ប្រភព៖ ក្រសួងព័ត៌មាន