ភ្នំពេញ៖ ថ្ងៃទី០៧ កុម្ភៈ ២០២១ វ៉ាកសាំងរបស់ក្រុមហ៊ុនចិនស៊ីណូហ្វាម “Sinopharm” ចំនួន៦០ម៉ឺនដូស បានមកដល់ប្រទេស​​កម្ពុជាជាលើកដំបូងក្រោមជំនួយរបស់រដ្ឋាភិបាលចិន ។

ជំនួយដ៏មានតម្លៃថ្លៃថ្លាមិនអាចកាត់ថ្លៃបាននេះ បានធ្វើឱ្យប្រជាជនកម្ពុជាមានក្ដីរំភើបនិងមោទនភាពយ៉ាងខ្លាំង​ដោយសារតែ​កម្ពុជាជាប្រទេស​ដំបូងគេនៅលើពិភពលោកដែលទទួលជំនួយវ៉ាក់សាំងកូវីដ១៩ពីប្រទេសចិន។

នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងបេះដូងរបស់ចិន ដែលក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែក​ថែប ជាមិត្តម៉ឺនឆ្នាំ អ្វីៗគឺជាអាទិភាពក្នុងការជ្រោមជ្រែងនិងយកចិត្តទុកដាក់បំផុត។

នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៧ មីនា នាព្រលានយន្តហោះអន្តរជាតិពោធិចិនតុង ឯកឧត្តមឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន បានមានប្រសាសន៍ថា ចាប់ពីផ្ទុះជំងឺកូវីដ១៩មក រដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា បានជួយគ្នាទៅវិញ​ទៅមកប្រៀបដូចជាពាក្យស្លោកថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយក្រុមគ្រូពេទ្យចិនក៏បាន​មកបណ្ដុះ​បណ្ដាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជាផងដែរ ។

ស្របពេលដែលកម្ពុជាកំពុងភ័យព្រួយបារម្ភ និងរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសនៃការទទួល​​ជំនួយវ៉ាក់សាំងកូវីដ១៩នាពេលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាក៏បានបង្ហាញនូវក្ដីរំភើប និងសាទរយ៉ាងខ្លាំងជំនួសប្រជាជនកម្ពុជា ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ពិភពលោកនេះហាក់កំពុងមាន​សង្រ្គាមដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដោយសារចំនួនវ៉ាក់សាំងដែលផលិតចេញនៅលើពិភ​ពលោកគឺមានចំនួនតិចជាង​តម្រូវ​ការ ។ ស្របពេលដែលប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំទាន់មានវ៉ាក់សាំង​សម្រាប់ឱ្យ​ពួកគេទិញនៅឡើយនោះ ប្រទេសកម្ពុជាបែរជាស្ថិតក្នុងចំណោមប្រទេសមិនច្រើនឡើយ​ដែលទទួលបានជំនួយវ៉ាក់សាំងពីចិន តើនោះជាមូលហេតុអ្វី?

សម្ដេចតេជោ បានពន្យល់ថា នោះគឺផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន បើកម្ពុជាគ្មានកិច្ចសហប្រតិបត្តិការ​​ល្អជាមួយ​ចិន គឺពុំបានទទួលវ៉ាក់សាំងឡើយ ។

សម្ដេចតេជោក៏បានប្រកាសដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យមានទំនុកចិត្តចំពោះវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន និងវាយតម្លៃថា វាមានប្រសិទ្ធិភាពខ្ពស់ចាប់ពីចន្លោះអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ។

អាចនិយាយបានថា កម្ពុជាពិតជាប្រទេសដែលមានសំណាងណាស់ ហើយក៏មានមោទនភាពយ៉ាងខ្លាំងណាស់ដែរ ដែលបាន​ទទួល​​ជំនួយវ៉ាក់សាំងកូវីដ១៩ពីមហាមិត្តចិន នេះក៏ដោយសារតែកម្ពុជានិងចិនគឺជាមិត្តល្អ ជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែកថែប ដែលតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមកទាំងផ្នែកស្មារតី និងសម្ភារៈ។ ជាពិសេសទៅទៀតនោះ នៅក្នុងសន្ដានចិត្ត​​ជាមិត្តល្អ កិច្ចសហប្រតិបត្តិការល្អក៏ដូចជាទំនាក់ទំនងល្អរវាងកម្ពុជានិងចិន កម្ពុជាពិតជាមានសំណាងណាស់ដោយបាន​ទទួលលទ្ធភាព​នៃការបញ្ជាទិញវ៉ាក់សាំងចិនចំនួន១លាន៥សែនដូស ដើម្បីត្រៀមចាក់ជូនប្រជាជនកម្ពុជា ដែលវ៉ាក់សាំងនេះបានមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា នេះ។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ កងទ័ពរំដោះប្រជាជនចិននឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១​៩ស៊ីណូ​​ហ្វាម​ជាលើកទី២បន្ថែមទៀត ។ ការផ្ដល់លទ្ធភាពក្នុងការបញ្ជាទិញរបស់កម្ពុជាក៏ដូចជាការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ទាំង នេះមកកាន់កម្ពុជា អាចចាត់ទុកថា ជាការប្រោះព្រំកម្ពុជាឱ្យរួចចាកផុតពីគ្រោះដ៏ធ្ងន់ធ្ងរនៃ​ការរីករាលដាលនៃជំងឺកូ​វីដ១៩នាពេលនេះ ដើម្បីឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រទេសក​ម្ពុជាមានឱកាសនិងពេលវេលាគ្រប់គ្រាន់សម្រាប់ក​សាងជីវភាពគ្រួសារនិងអភិវឌ្ឍន៍សង្គមឡើងវិញផងដែរ ។

ក្នុងរូបភាពនៃជំនួយវ៉ាក់សាំងកូវីដ១៩នេះ អ្វីដែលជាការមើលឃើញជាក់ស្ដែងគឺថា៖-នេះជាសក្ខីភាពមួយនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏រឹងមាំរវាងប្រទេសនិង ប្រជាជននៃប្រទេសទាំងពីរក្រោមក្របខណ្ឌនៃកិច្ច​​សហប្រតិបត្តិការភាព​ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល ។

ចិនគឺជាមិត្តពិតប្រាកដ ជាមិត្តដ៏ស្មោះត្រង់ ជាមិត្តដ៏រឹងមាំដូចដែកថែបចំពោះកម្ពុជាដែលទោះបីស្ថិតក្នុ​ងកាលៈទេសៈលំបាក​លំបិនយ៉ាងណាក៍មិត្តចិន គិតគូរពីកម្ពុជាជាដំបូងគេ សមដូចពាក្យគន្លឹះដែលថ្នាក់ដឹក​នាំកំពូលៗនៃប្រទេសទាំងពីរតែង​​តែបានលើកឡើងថា“ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម(Sinopharm)ទាំងពីរលើកនេះជាសក្ខីភាពយ៉ាងពិតប្រាកដមិនអាចប្រ​កែកបានដែលបញ្ជាក់ពីសន្ដាន​ចិត្តមិត្តដែលមានបេះដូងមហាសមុទ្រ ។

ចិនបានផ្ដោតជាសំខាន់ទៅលើសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជននៃបណ្ដាប្រទេសផ្សេងៗដែលចិនបានផ្ដល់ជំនួយវ៉ាក់សាំងឱ្យ ។ ចិនបានតម្កល់ការរីកចម្រើនរបស់មនុស្សជាតិជាជាងការប្រឹងប្រែងរត់ប្រណាំងសព្វាវុធ ឬរត់ប្រណាំងខាងមនោគមវិជ្ជា។

ក្រៅពីការផ្ដល់ជំនួយមកកាន់ប្រទេសកម្ពុជាចិនក៏បន្តផ្ដល់ជំនួយដល់បណ្ដាប្រទេសក្រីក្រផ្សេងៗទៀតផងដែរ ដែលកាយវិការ​នេះបញ្ជាក់ថា ចិនបានគិតគូរដល់ការជួយសង្រ្គោះនិងការរីកចម្រើនរបស់មនុស្សជាតិ សុវត្ថិភាពនិងភាពសុខដុមរមនារ​បស់ប្រជាជននៅក្នុងពិភពលោកគឺជាបំណងប្រាថ្នារបស់ចិន ៕

ប្រភព៖ ក្រសួងព័ត៌មាន