(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីទូរទស្សន៍ជាតិកម្ពុជា នាវេលាម៉ោង ៣៖ និង៥០នាទីនេះ បានបញ្ជាក់ថា តាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកជំងឺកូវីដ១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត។
លោកជំទាវបានបន្តថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣៖៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ នៅកម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន៩ នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ ដែលរួមមាន៖
ទី១. បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១, ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី), ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១, ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១, ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។, ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល, ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ។
ចំពោះព័ត៌មានទាក់ទងការស្លាប់អ្នកជំងឺខាងលើ ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន
