ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងចំនួន១០នាក់(រហ័សនាមសូឡូ) ល្បីដេញកាប់គ្នា បង្កអសន្តិសុខក្នុងក្រុងត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី ក្រុងប៉ោយប៉ែតឲ្យដឹងថា៖ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត  បានធ្វើការឃាត់ក្រុមក្មេងទំនើង ចំនួន០២នាក់ នៅចំនុចភូមិ បាលិលេយ្យ២ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត និង ដកហូតបានកាំបិតចំនួនមួយដើមព្រមទាំងម៉ូតូ០១គ្រឿង យកមកសួរនាំនៅអធិការដ្ឋាន។ក្រោយពីបានសួរនាំ កម្លាំងនគរបាលក្រុង បានឈានទៅដល់ការឃាត់ខ្លួនបក្ខពួកប្រុស.ស្រី បន្ថែមទៀត និងបានដកហូតបានកាំបិតកែឆ្នៃ១ដើម និងកាំបិតប៉័ងតោចំនួន១ដើម ព្រមទាំងម៉ូតូ០២គ្រឿង ម៉ាកហុងដាហ្សូមម័រ អ៊ិច និងម៉ាក ហុងដាឌ្រីមC125 នៅចំណុចបន្ទប់ជួលភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើង បានសារភាពថា ក្រុមពួកខ្លួនមានរហ័សនាមថាក្រុមសូឡូ ហើយក្រុមរបស់ខ្លួនធ្លាប់បានធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដ៏ទៃ ច្រើនដងផងដែរ ឲ្យតែមើលមុខនិងជិះម៉ូតូវ៉ាពួកគេ។

ចំពោះក្មេងស្រីចំនួន០២នាក់ព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យធ្វើការអប់រំនិងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយឲ្យនាំមកយកត្រឡប់ទៅផ្ទះវិញនៅល្ងាចថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១ ដោយឡែក ចំពោះក្មេងទំនើងប្រុសៗចំនួន១០នាក់ និងវត្ថុតាងដាវ កាំបិត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភពៈ សៅ នៅ