ឯកឧត្តម សា្វយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ /អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបី កាលពីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តប៉ុស្តិ៏នគរបាលការពារព្រំដែនគោកប៊ូស្រា វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ស្ថិតក្នុងស្រុកពេជ្រា ដា និងនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ស្ថិតក្នុងឱកាស នៃការចុះពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនស្ថិតនៅក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍សង្កត់ធ្ងន់ទៅលើប្រជាពលរដ្ឋមួយចំនួនដែលបានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានឱ្យផ្នែកជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការដកហូតដីទាំងអស់នោះយកមកជាកម្មសិទ្ធិរបស់រដ្ឋវិញ។ មិនតែប៉ុណ្ណោះក្នុងដំណើរនៃការចុះពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែន ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

នាឱកាសនោះ ឯកឧត្តមបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋទាំងឡាយណាដែលបានកាប់រុករានដីនៅតាមព្រំដែនយកធ្វើជាកម្មសិទ្ធិត្រូវដកហូតដីទាំងអស់នោះទុកជាដីរបស់រដ្ឋវិញ រីឯដីដើមស្រស់ដែលមានជនខិលខូចមួយចំនួនកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិនោះ ឯកឧត្តម បានអនុញ្ញាតឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តធ្វើការវាស់វែងឱ្យបានគ្រប់ចំនួន និងធ្វើការប្រគល់ឱ្យក្រុមហ៊ុនហ៊ូជីសាន្តវិញ ៕

ប្រភព៖ ក្រសួងព័ត៌មាន