ក្រុងយ៉ាំងហ្គោនៈ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានវិលត្រឡប់មកតាមផ្លូវវិញ កាលពីថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែមីនា នេះ ដើម្បីធ្វើការទាមទាររបស់ពួកគេ ឲ្យវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ បន្ទាប់ពីកងកម្លាំងយោធាបានសម្លាប់មនុស្សជាង ១០០នាក់ កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃបង្ហូរឈាមបំផុត ចាប់តាំងពីមានរដ្ឋប្រហារយោធាមក។ ការធ្វើបាតុកម្មត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាំងហ្គោន និងម៉ាន់ដាឡេ ដែលជាទីក្រុងធំៗបំផុត របស់ប្រទេស ក៏ដូចជានៅកន្លែងផ្សេងទៀត ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវជនជាតិមីយ៉ាន់ម៉ា បានឲ្យដឹងថា ចំនួននៃការសម្លាប់ចាប់តាំងពីរដ្ឋប្រហារឥឡូវមានច្រើនជាង ៤២០នាក់។ ការសម្លាប់កាលពីថ្ងៃសៅរ៍ដោយប៉ូលីស និងទាហាន បានកើតឡើងនៅពាសពេញប្រទេស នៅពេលដែលយោធាមីយ៉ាន់ម៉ា បានប្រារព្វថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់កងកំលាំងប្រដាប់អាវុធជាមួយនឹងការដើរព្យុហយាត្រាមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ ការបង្ហូរឈាមនេះបានទាក់ទាញការថ្កោលទោសពីអន្តរជាតិយ៉ាងឆាប់រហ័ស ទាំងបេសកកម្មការទូតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងពីបរទេស។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះការសម្លាប់ជនស៊ីវិលរួមទាំងកុមារផងដែរ។ លោកបានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ ការបន្តបង្ក្រាបដោយយោធា មិនអាចទទួលយកបានទេ ហើយទាមទារឱ្យមានការឆ្លើយតបជាអន្តរជាតិ ឲ្យរឹងមាំ និងបង្រួបបង្រួម”
លោករដ្ឋមន្រ្តីក្រសួងការបរទេសរដ្ឋអាមេរិក Antony Blinken បាននិយាយក្នុងសារ Twitter ថា ប្រទេសរបស់លោកមានភាពរន្ធត់ដោយសារការបង្ហូរឈាមដែលបានប្រព្រឹត្តដោយកងកម្លាំងយោធាភូមា ដែលបង្ហាញថា របបយោធា កំពុងលះបង់ជីវិតរបស់ប្រជាជនខ្លួន ព្រោះតែបម្រើមនុស្សមួយចំនួន។
មេបញ្ជាការយោធានៃប្រទេសចំនួន១២ បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រជាជនដែលគ្មានអាវុធ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញដោយប្រមុខការពារជាតិ អូស្រ្តាលី កាណាដា អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន ដាណឺម៉ាក ហូឡង់ ណូវែលសេឡង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ការសម្លាប់ដ៏ឃោឃៅនេះ ក្រុមសិទ្ធិមនុស្សអង្គការលើកលែងទោសអន្តរជាតិ បានរិះគន់ឡើងវិញថា សហគមន៍អន្តរជាតិ មិនបានបំពេញភារកិច្ចគ្រប់គ្រាន់ ដើម្បីបញ្ចប់អំពើហឹង្សារបស់រដ្ឋប្រហារយោធាមីយ៉ាន់ម៉ា នោះទេ។
លោក Ming Yu Hah អនុប្រធានប្រចាំតំបន់នៃយុទ្ធនាការនេះ បានមានប្រសាសន៍ថា “ប្រទេសមួយចំនួន ដែលជាសមាជិក UN ហាក់មិនអើពើទៅនិងរដ្ឋប្រហារយោធាមួយនេះ គឺជាចេតនាគួរឱ្យស្អប់ខ្ពើម” ។ ថ្មីត្បិត UN បានថ្កោលទោសចំពោះអំពើហឹង្សានេះ ប៉ុន្តែមិនបានគាំទ្រសកម្មភាពរួមគ្នា ប្រឆាំងនឹងរបបយោធា ដូចជាការហាមឃាត់ការលក់អាវុធនោះទេ។ លោកបន្តថា ប្រទេសចិន និងរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់ដល់យោធារបស់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការយកចិត្តទុកដាក់ខាងនយោបាយផងដែរ ហើយក្នុងនាមជាសមាជិក UN ប្រទេសនេះ ស្ទើរតែមិនគាំទ្រទៅហើយចំពោះចំណាត់ការរបស់ UN។