សេចក្តីស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

471

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជន និងគណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមគោរពរាយការណ៍ជូន ខ្ញុំបាទជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលរស់នៅខាងចុងភូមិជិតខារ៉ាអូខេ មួយកន្លែងយីហោសូនីខារ៉ាអូខេ ដែលមានម្ចាស់ឈ្មោះ សៀន សូនី ភេទស្រី អាយុប្រហែល៤០ឆ្នាំ នៅតែបើកដំណើរការ មិនខ្វល់ពីបញ្ហាជំងឺ COVID-19 មិនខ្វល់ពីសុខទុក្ខអ្នកជិតខាង ។ ខ្ញុំសំណូមពរ អោយជួយអន្តរាគមន៍ផងចុះ ព្រោះប៉ូលីសនៅមូលដ្ឋានមិនព្រមធ្វើការ ជាចុងក្រោយខ្ញុំបាទ សូមអរគុណ ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយធ្វើការស្រាវជ្រាវករណីប្រជាពលរដ្ឋបានរាយការណ៍ ។

ជាលទ្ធផល នៅថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ចំណុចទីតាំងខាងលើដែលមានឈ្មោះ (ឆ្នេរទន្លេសូនីត្រជាក់ចិត្ត) ស្ថិតនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិនិង្យឃើញថាមិនមានការលួចលាក់បើកបន្ទប់ឲ្យភ្ញៀវច្រៀងខារ៉ាអូខេនោះទេ ។ កម្លាំងសមត្ថកិច្ចបានអប់រំណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើ និងធ្វើកិច្ចសន្យាឲ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ។

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police