រសៀលថ្ងៃ១រោចខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីអនុប្រធានមន្ទីរសុខាភិបាល លោក លោកស្រីប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចការពារជំងឺឆ្លងបានប្រមាណ ៩០ភាគរយ ក៏ប៉ុន្តែវាអាចឆ្លងបានប្រសិនបើយើងមិនបានចូលរួមការពារ តែការឆ្លងជំងឺកូវីដ-១៩ វាមានលក្ខណៈធូរស្រាលជាងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ បើយើងបានចាក់វ៉ាក់សាំងកូវីដ-១៩ហើយ វាមិនមានការគំរាមកំហែងដល់អាយុជីវិត ។
ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យមកចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។ ក្រុង ស្រុក ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនពួកគាត់ មកចាក់វ៉ាកសាំងនៅសាលាបឋម – អនុវិទ្យាល័យតេជោសែនកម្មករ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តព្រះសីហនុ នាពេលខាងមុខ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីរសុខាភិបាល រៀបចំក្រុមការងារចាកវ៉ាក់សាំងកូវីដ-១៩ ជា០៨ក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន ១-ក្រុងព្រះសីហនុ ០២ក្រុម ជាក្រុមគ្រូពេទ្យខេត្ត។ ២-ស្រុកស្ទឹងហាវ ០១ក្រុម ក្រុមគ្រូពេទ្យខេត្ត។ ៣-ក្រុងកោះរ៉ុង ០១ក្រុម ជាគ្រូពេទ្យខេត្ត។ ៤-ស្រុកព្រៃនប់ ០៣ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ។ ៥-ស្រុកកំពង់សិលា ០១ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ។ ក្នុងនោះក្រុង ស្រុកនីមួយៗ ក៏បានត្រៀមរៀបចំសណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិសម្រាប់ការស្នាក់នៅបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយផងដែរ ដូច្នេះយើងត្រូវរួមគា្នធ្វើការងារជាក្រុមឱ្យទទួលបានលទ្ធផលល្អ ។
ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន ក៏បានណែនាំដល់ក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ចៀសវាងការប្រជ្រៀតគ្នា នាំឱ្យឆ្លងជំងឺកួវីដ-១៩ នៅតាមគោលដៅចាក់វ៉ាក់សាំង ។ អនុវត្តន៍តាមការណែនាំ ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ប្រភព៖ ក្រសួងព័ត៌មាន