មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ក្រសួងនឹងបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំលើកលែងនិងបន្ធូរបន្ថយទោសទណ្ឌិតចំនួន៥៤២នាក់ ក្នុង ឱ កាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌តាមរយៈហ្វេសប៊ុកផ្លូវការ។
ឯកឧត្ដម គឹម សន្តិភាព បានលើកឡើងថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២៖ ៣០ នាទីរសៀល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដោយធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក(ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៤ ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។ ឯកឧត្ដមបាន បន្តថា កិច្ចប្រជុំនេះធ្វើឡើងតាមសំណើសុំពីគណៈកម្មការរាជធានី ខេត្តចំនួន២៣ (ពន្ធ នាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំ កែប្រែ ទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះមាន ស្នើសុំលើក លែង ទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់)។ ទន្ទឹមនេះ ស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់) ។
សូមរម្លឹកដែរថា កន្លងមក ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យកំណត់ពិធីបុណ្យ សំខាន់ៗមួយចំនួន សម្រាប់ការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ដើម្បីធ្វើសមាហរណកម្មទណ្ឌិតទាំងនោះឱ្យបានទៅរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងមនុស្សធម៌។ ក្នុងព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលឡាយព្រហស្តលេខាដោយ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា សម្រាប់ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និង ការលើកលែងទោសនោះ ត្រូវកំណត់ ៥ដងក្នុងមួយឆ្នាំ រួមមាន ទិវាជ័យជម្នះលើរបប ប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះ រាជពិធីបុណ្យអុំទូក។ ជាមួយគ្នានេះ សម្រាប់ការបន្ធូរបន្ថយទោស និងលើកលែងទោស នេះ ក៏អាចធ្វើបានដែរក្នុង ពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន