រដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី បាននិយាយកាលពីថ្ងៃទី ២៩ ខែមីនាថា ប្រទេសម៉ាឡេស៊ី បានចំណាយប្រាក់ជាង ១០២លានដុល្លារសឹង្ហបុរី (៧៦,៣លានដុល្លារអាម៉េរិក) ជាសំណងដល់ប្រទេសសឹង្ហបុរី សម្រាប់ការបញ្ចប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនគូឡាឡាំពួរ – សឹង្ហបុរី (HSR) ។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនសឹង្ហបុរី លោក Ong Ye Kug និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Mustapa Mohamed បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ការបង់វិកានេះត្រូវបានធ្វើឡើងចំពោះប្រទេសសឹង្ហបុរី សម្រាប់ថ្លៃចំណាយដែលបានកើតឡើងសម្រាប់ការអភិវឌ្ឍគម្រោង HSR ហើយពាក់ព័ន្ធនឹងការពន្យារពេលនៃគម្រោងនេះ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ប្រទេសទាំង ២ បានឈានដល់កិច្ចព្រមព្រៀងដែលមានមេត្រីភាពមួយ បន្ទាប់ពីដំណើរការផ្ទៀងផ្ទាត់របស់រដ្ឋាភិបាលម៉ាឡេស៊ី។ ចំនួននេះតំណាងឱ្យដំណោះស្រាយពេញលេញ និងចុងក្រោយទាក់ទងនឹងការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី»។
ប្រទេសទាំងពីរនៅតែប្តេជ្ញារក្សាទំនាក់ទំនងល្អ និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី ១ ខែមករា នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong និងសមភាគីម៉ាឡេស៊ី លោក Muhyiddin Yassin បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីប្រកាសអំពីការបញ្ចប់គម្រោង HSR ។
គម្រោងខ្សែផ្លូវដែកប្រវែង ៣៥០គីឡូម៉ែត្រដែលភាគីទាំងសងខាងព្រមព្រៀងសាងសង់កាលពីក្នុងឆ្នាំ ២០១៣ គឺត្រូវដំណើរការពីស្ថានីយ៍ចំណតមួយនៅ Bandar Malaysia ក្នុងទីប្រជុំជនគូឡាឡាំពួរទៅកាន់ស្ថានីយមួយនៅ Jurong ខាងកើត។
គម្រោង HSR ត្រូវបានគ្រោងបង្កើនឱ្យមានស្ថានីយ៍ចំនួន ៧ ហើយនឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងគូឡាឡាំពួរ និងសឹង្ហបុរីមកនៅត្រឹម ៩០នាទី បើប្រៀបធៀបនឹងរយៈពេល ៤ម៉ោងនៃការធ្វើដំណើរតាមរថយន្ត និងប្រហែល ៥ម៉ោងនៃការធ្វើដំណើរតាមអាកាស៕
ប្រភព៖ ក្រសួងព័ត៌មាន