កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១១៤នាក់នៅក្នុងទីក្រុង និងទីប្រជុំជនចំនួន ៤០ នៅទូទាំងប្រទេស។ មន្ត្រីអង្គការសហប្រជាជាតិចំនួន ២រូប បានថ្កោលទោសចំពោះការវាយប្រហារទៅលើក្រុមបាតុករដោយសន្តិវិធីនៅក្នុងប្រទេស និងបានជំរុញសហគមន៍អន្តរជាតិឱ្យជួយការពារប្រជាជនរបស់ប្រទេសនេះ។
រដ្ឋបាលលោក បៃដិន កាលពីថ្ងៃច័ន្ទបានផ្អាកកតិកាសញ្ញាពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីមានការវាយប្រហារយ៉ាងសាហាវប្រឆាំងនឹងក្រុមបាតុករ។ ក្រុមបាតុករបានធ្វើការតវ៉ាចាប់តាំងពីខែមុននៅពេលដែលសមាជិកសភាដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់គណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានផ្តួលរំលំដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ា។
តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោកស្រី Katherine Tai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយកាសែតញូវយ៉កថែមស៍ថា «ការសម្លាប់អ្នកតវ៉ាដោយសន្តិវិធី និស្សិត កម្មករ មេដឹកនាំកម្មករ ពេទ្យ និងកុមារ បានធ្វើឱ្យមនសិការសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង»។ លោកស្រីបានដោយកត់សម្គាល់ថា ពាណិជ្ជកម្មនឹងត្រូវបញ្ឈប់រហូតដល់រដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យត្រូវបានរៀបចំឡើងវិញ។
លោកស្រី Tsai បានកត់សម្គាល់ថា «សកម្មភាពទាំងនេះ គឺជាការវាយលុកដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសនេះទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការខិតខំរបស់ប្រជាជនមីយ៉ាន់ម៉ាដើម្បីទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព»។
លេខាធិការសារព័ត៌មានរបស់សេតវិមាន លោកស្រី Jen Psaki ក៏បានបញ្ជាក់ផងដែរនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា ការផ្អាកពាណិជ្ជកម្មនេះនឹងមានប្រសិទ្ធិភាពភ្លាមៗ។
លោកស្រី Psaki បាននិយាយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវអំពើហឹង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះការស្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសនេះចាប់តាំងពីពួកគេបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈមក៕
ប្រភព៖ ក្រសួងព័ត៌មាន