ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននិងគោរពតាមវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ ដែលប្រារព្ធនៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ មេសា ឆ្នាំ២០២១ ដើម្បីរួមគ្នាកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង សាធារណជនទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ នូវសារាចរណែនាំ ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ចំពោះវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចជាតិនៅក្នុងបរិការណ៍ដែល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។
តាមរយៈសារាចរណែនាំ ស្តីពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្តេចតេជោ ក៏បានណែនាំ ដល់ ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានម៉ត់ចត់និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមានទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀតដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។
សម្តេចតេជោបន្តថា ចំពោះសាធារណជនគ្រប់រូប ត្រូវចូលរួមអនុវត្តនូវវិធានការដូចជា សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត ។ ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬ ចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរ
មានសមត្ថកិច្ចពាក់ព័ន្ធ ។ ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន និង អនុវត្តវិធានការ “៣ ការពារ» និង «៣ កុំ” ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា។
រាជរដ្ឋាភិបាលសូមក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន ៕
ប្រភព៖ ក្រសួងព័ត៌មាន