(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ជីប ម៉ុង គ្រុប បានផ្តល់វិភាគទានសរុបចំនួន ៨.៦លានដុល្លារអាមេរិក ជូនរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ។

គួរបញ្ជាក់ផងដែរថា វិភាគទានសរុបចំនួន ៨.៦ លានដុល្លាអាមេរិកនោះមានដូចជា៖​ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកា ៥សែនដុល្លារសហរដ្ឋអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ជីប ម៉ុង បានបរិច្ចាគថវិកា ៣លានដុល្លារសហរដ្ឋអាមេរិក ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ា់ក់សាំងបង្ការកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជីប ម៉ុង បានឧបត្ថម្ភម៉ាស់ ៥លានម៉ាស់ជូនរាជរដ្ឋាភិបាលកម្ពុជា នៅប៉ុន្មានថ្ងៃក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ជីប ម៉ុង សម្រេចបរិច្ចាគថវិកា ៣លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ជូនរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩។

នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជីប ម៉ុង ក៏បបានប្រកាសបរិច្ចាគថវិកា ២លានដុល្លារផ្សេងទៀត ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទិញយកមន្ទីរពេទ្យ«នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីប្រើប្រាស់ជាមន្ទីរព្យាបាលជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជា កំពុងតែប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនជីបម៉ុងគ្រុប បានចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់ តម្រូវឲ្យបុគ្គលិកទាំងអស់ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសង្គម ចំណែកឯបរិយាកាសធ្វើការក្នុងការិយាល័យ មានខ្យល់ចេញចូលគ្រប់គ្រាន់ និងតម្រូវឲ្យមានបុគ្គលិកប្តូរវេនធ្វើការទាំងនៅការិយាល័យ និងនៅផ្ទះផងដែរ។

ជាមួយគ្នានោះ ក្រុមហ៊ុនជីបម៉ុងគ្រុប បានប្តូរផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Khmer Beverages ទៅជាសារអប់រំស្តីពីវិធានការសុខាភិបាល «៣ការពារ ៣កុំ»។

បន្ថែមលើសពីនោះ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបរិច្ចាគទឹកសុទ្ធ ទៅតាមបណ្ឌចត្តឡីស័ក ព្រមទាំងមន្ទីរពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាផ្នែកមួយនៃយុទ្ធនាការ«ទឹកចិត្តកម្ពុជា»ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន