មណ្ឌលចត្តាឡីស័ក ឃុំ ដូង ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានដំណើរការទទួលពលករជាច្រើននាក់ដែលវិលត្រឡប់មកពីក្រៅប្រទេសស្នាក់នៅនិងធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី១០ មីនា ឆ្នាំ២០២១។
នៅក្នុងឃុំ ដូងនេះ មាន២២ ភូមិ មានពលករចំណាកស្រុកទៅក្រៅប្រទេសចំនួន៣៤៣ នាក់ ស្រី១៥៤នាក់។ចំពោះអ្នកដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ហើយបានអនុវត្តចត្តាឡីស័កតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មាន១៥ នាក់ ក្នុងនោះមកពីថៃ ១៤នាក់ និងមកពីខេត្តព្រះសីហនុ ម្នាក់ បានបញ្ចប់ចត្តាឡីស័ក១២នាក់ នៅសល់៣នាក់។
ការរៀបចំមណ្ឌលចត្តាឡីស័កនេះ ជាការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងផងនិងដើម្បីសម្រួលសតិអារម្មណ៍ឱ្យមានភាពកាន់តែកក់ក្តៅដល់ពលករនៅពេលបានស្នាក់នៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានជិតផ្ទះរបស់ខ្លួនផង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ -មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស – អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងឯកឧត្តមឧត្តមសេនីយ៍ឯក ហុង វីណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដូង បានសម្រេចយកទីស្នាក់ការគណបក្សប្រជាជនឃុំ ដែលមានអគារទទឹង៩,៩ម៉ែត្រ បណ្តោយ៣២ម៉ែត្រ ធ្វើជាមណ្ឌលចត្តាឡីស័ក ដែលមានសភាពធំទូលាយ សមរម្យជាកន្លែងស្នាក់នៅ បំពាក់គ្រែ៣០ ស៊ីទែនទឹកចំណុះ៥ពាន់លីត្រ មានអគ្គិសនីគ្រប់គ្រាន់ បំពាក់សម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ឃីតសម្ភារដំណេក បន្ទប់អនាម័យ កន្លែងចម្អិនអាហារ អាហារមួយថ្ងៃ៣ពេល និងទូរទស្សន៍សម្រាប់ពលករ និងអ្នកប្រចាំការមើលកម្សាន្តបំបាត់អផ្សុកផងដែរ។
ឯកឧត្តម សៅ សុខា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ បានដាក់បទបញ្ជាក្នុងបំណងទប់ស្កាត់ឱ្យបាននូវការឆ្លងចូលសហគមន៍ ដោយតម្រូវឱ្យអ្នកដែលចូលក្នុងមូលដ្ឋានស្រុករមាសហែកទាំងអស់ ទោះបីមកពីណាក៏ដោយ គឺត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃសិនជាដាច់ខាត ព្រោះបើមិនដូច្នេះទេ គឺមិនអាចបញ្ចប់ការចម្លងតគ្នាបានឡើយ។ ម្យ៉ាងទៀត ការត្រូវតែធ្វើចត្តាឡីស័កជាដាច់ខាតនេះ ក៏ជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ព្រោះអាចទប់ស្កាត់បានទាំងការជួញដូរមនុស្ស ទាំងការចរាចរណ៍គ្រឿងញៀន។
ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកនេះ ពេលធ្វើដំណើរតាមផ្លូវត្រូវតែពាក់ម៉ាសជាដាច់ខាត ហើយត្រូវតែចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពាររបស់សម្តេចតេជោ និងវិធានអនាម័យនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំទើបឈ្នះកូវីដ-១៩ បាន៕
ប្រភព៖ ក្រសួងព័ត៌មាន