កាលពីរសៀលថ្ងៃ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទីពីរ នៅសាលាបឋម-វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ អមដំណើរដោយលោកអភិបាលក្រុងព្រះសីហនុ ។            

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគនៅច្រកចេញ-ចូល ការវាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាព និងរៀបចំកៅអីសម្រាប់បងប្អូនយើងរង់ចាំឱ្យបានត្រឹម ត្រូវចៀសវាងការចូលមកប្រជ្រៀតគ្នាបង្កហានិភ័យការឆ្លងជំងឺកូវីដ-១៩។ ម្យ៉ាងទៀតបង្កនូវភាពស្មុគស្មាញដល់ក្រុមគ្រូពេទ្យរបស់យើងដែលឈរនៅតាមគោលដៅនីមួយៗថែមទៀតផង។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នឹងធ្វើឡើងទូទាំងប្រទេសនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ព្រមគ្នា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។           

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់ខេត្តព្រះសីហនុ​ វ៉ាក់សាំង​ Covishield (AstraZeneca)​ នៅសល់ប្រមាណ ១.៥០០ដូសប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលអាយុ​ ៦០ឆ្នាំឡើង​ ដែលបានចុះឈ្មោះរួចហើយ សូមអញ្ជើញមកចាក់ឱ្យបានរួសរាន់ ។    

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តព្រះសីហនុ មាន ០៨ទីតាំង ក្នុងនោះ ១-ក្រុងព្រះសីហនុ មានពីរទីតាំង គឺទីមួយ នៅសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងសង្កាត់លេខ៣ និងទីតាំងមួយទៀតនៅសាលាបឋម-វិទ្យាល័យហ៊ុនសែនឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ទីតាំងទាំងពីរនេះគឺជាក្រុមគ្រូពេទ្យខេត្ត។ ២-ក្រុងកោះរ៉ុង មាន០១ទីតាំង គឺក្រុមគ្រូពេទ្យខេត្ត។ ៣-ស្រុកស្ទឹងហាវ មាន០១ទីតាំង គឺក្រុមគ្រូពេទ្យខេត្ត។ ៤-ស្រុកព្រៃនប់ មាន ០៣ទីតាំង គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ថ្នាក់ជាតិ។ ៥-ស្រុកកំពង់សិលា មាន ០១ទីតាំង គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ថ្នាក់ជាតិ ហើយទីតាំងនីមួយៗ មានដាក់រថយន្តសង្គ្រោះមួយគ្រឿង ៕

ប្រភព៖ ក្រសួងព័ត៌មាន