ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ៣០ ខែមីនា បានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកនាពេលថ្មីៗនេះនៅឯព្រះវិហារមួយនៅទីក្រុង Makassar នៃប្រទេសឥណ្ឌូណេស៊ី ថាជាការវាយប្រហារភេរវកម្មដ៏កំសាកមួយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលស្នើឡើងដោយប្រទេសវៀតណាម UNSC បានអំពាវនាវឱ្យជនល្មើស អ្នករៀបចំ អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកឧបត្ថម្ភទាំងឡាយនៃអំពើភេរវកម្មនេះចេញមុខទទួលខុសត្រូវ។

សេចក្តីប្រកាសព័ត៌មានេះ បានចាត់ទុកការវាយប្រហារនេះថា ជាអំពើដ៏គួរឱ្យស្អប់ខ្ពើមនៃអំពើភេរវកម្ម និងបានបញ្ជាក់សារជាថ្មីថា «រាល់សកម្មភាពភេរវកម្ម គឺមានលក្ខណៈព្រហ្មទណ្ឌ និងមិនសមហេតុផលឡើយ»។

ក្រុមប្រឹក្សានេះបានបញ្ជាក់សារជាថ្មីអំពីតម្រូវការសម្រាប់ប្រទេសទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលបណ្តាលមកពីអំពើភេរវកម្ម។

ប៉ូលីសបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់បានបំផ្ទុះគ្រឿងផ្ទុះនៅខាងក្រៅព្រះវិហារកាតូលិកមួយក្នុងទីក្រុង Makassar នៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៨ ខែមីនា ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២០នាក់រងរបួសនៅថ្ងៃដំបូងនៃសប្តាហ៍បុណ្យ Easter Holy Week ។

ជនសង្ស័យទាំង ២នាក់ដែលបានស្លាប់នោះត្រូវបានគេជឿថា ជាសមាជិកនៃក្រុមប្រដាប់អាវុធ Jemaah Anshorut Daulah ៕

ប្រភព៖ ក្រសួងព័ត៌មាន