ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសថា ខ្លួនបានបញ្ជាឱ្យមានការចាកចេញរបស់បុគ្គលិក ដែលមិនមានភារកិច្ចបន្ទាន់ និងក្រុមគ្រួសាររបស់ពួកគេពីប្រទេសមីយ៉ាន់ម៉ា ចំពេលដែលកំពុងមានភាពចលាចល និងអំពើហិង្សានៅក្នុងប្រទេសនេះ។

ក្រសួងការបរទេស បាននិយាយនៅក្នុងកំណត់ត្រាប្រព័ន្ធផ្សព្វផ្សាយមួយថា «កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ក្រសួងនេះបានអនុញ្ញាតឱ្យមានការចាកចេញដោយស្ម័គ្រចិត្តរបស់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេដែលមិនមានភារកិច្ចបន្ទាន់»។

នៅពីថ្ងៃច័ន្ទ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្អាករាល់ការទាក់ទងពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីពេលថ្មីៗនេះ និងអំពើហឹង្សាជាបន្តបន្ទាប់ប្រឆាំងនឹងជនស៊ីវិលនៅទីនោះ។

យោងតាមរបាយការណ៍បានឱ្យដឹងថា មនុស្សជាង ៤២០នាក់ត្រូវបានសម្លាប់ដោយសារការតវ៉ាប្រឆាំងនឹងយោធាដែលកាន់កាប់រដ្ឋាភិបាល។

កាលពីថ្ងៃទី ១ ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាច និងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ស្របពេលដែលសន្យាថានឹងចាត់វិធានការប្រឆាំងនឹងការលួចបន្លំសន្លឹកឆ្នោតក្នុងពេលបោះឆ្នោតជាសកលកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំកន្លងទៅ។ យោធាបាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តចំពោះប្រព័ន្ធប្រជាធិបតេយ្យ ហើយបានប្តេជ្ញារៀបចំការបោះឆ្នោតដោយយុត្តិធម៌សារជាថ្មី បន្ទាប់ពីការដាក់រដ្ឋក្នុងគ្រាអាសន្នត្រូវបានបញ្ចប់។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពមួយចំនួនដែលជាប់ទាក់ទងនឹងយោធារបស់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាក្រុមហ៊ុនធំៗមួយចំនួនរបស់មីយ៉ាន់ម៉ាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន