កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បាននិយាយថា សហរដ្ឋអាមេរិកបានទទួលប្រាក់ចំនួនជាង ៣០០លានដុល្លារអាម៉េរិកពីប្រទេសស៊ូដង់ដើម្បីទូទាត់សងជនរងគ្រោះនៃការវាយប្រហារមួយទៅលើស្ថានទូតសហរដ្ឋអាមេរិកចំនួន ២ និង USS Cole ក៏ដូចជាការសម្លាប់អ្នកការទូតសហរដ្ឋអាមេរិកម្នាក់ផងដែរ។

លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានសេចក្តីរីករាយសូមប្រកាសថា សហរដ្ឋអាមេរិកបានទទួលប្រាក់ចំនួន ៣៣៥លានដុល្លារអាម៉េរិកដែលផ្តល់ឱ្យដោយប្រទេសស៊ូដង់ ដើម្បីទូទាត់សងដល់ជនរងគ្រោះដោយសារការទម្លាក់គ្រាប់បែកនៅស្ថានទូតសហរដ្ឋអាមេរិកកាលពីក្នុងឆ្នាំ ១៩៩៨ នៅក្នុងប្រទេសកេនយ៉ា និងតង់ហ្សានី និង USS Cole ក្នុងឆ្នាំ ២០០០ ក៏ដូចជាការសម្លាប់បុគ្គលិករបស់ទីភ្នាក់ងារ USAID លោក John Granville កាលពីឆ្នាំ ២០០៨»។

ការផ្ទេរប្រាក់នេះត្រូវបានប្រគល់ឱ្យក្នុងរយៈពេលជិត ១០ឆ្នាំបន្ទាប់ពីតុលាការសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសស៊ូដង់គួរតែបង់ប្រាក់សំណងប្រមាណ ៦ប៊ីលានដុល្លារអាម៉េរិក និងការខូចខាតជាទឹកប្រាក់ប្រមាណ ៤ប៊ីលានដុល្លារអាម៉េរិកសម្រាប់ការបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ ១៩៩៨ ដែលបានផ្តោតសំខាន់ទៅលើទីតាំងការទូតរបស់សហរដ្ឋអាមេរិក ហើយដែលបានសម្លាប់មនុស្ស ២២៤នាក់ (ក្នុងចំណោមពួកគេនោះមាន ១២នាក់ជាជនជាតិអាម៉េរិក) និងរងរបួសជាង ៥.០០០នាក់ផ្សេងទៀត។

ទោះជាយ៉ាងណា ទីក្រុង Khartoum និងទីក្រុងវ៉ាស៊ីនតោន មិនអាចស្វែងរកចំណុចរួមបានទេរហូតដល់ឆ្នាំ ២០២០ នៅពេលដែលប្រទេសនៅអាហ្រ្វិកមួយនេះត្រូវបានដកចេញពីបញ្ជីអ្នកឧបត្ថម្ភរដ្ឋភេរវកម្មរបស់សហរដ្ឋអាមេរិកបន្ទាប់ពីប្រទេសស៊ូដង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ។

យោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស៊ូដង់បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងអាចឱ្យរដ្ឋាភិបាលស៊ូដង់ទទួលបានប្រាក់ជាង ១ប៊ីលានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំពីធនាគារពិភពលោកជាលើកដំបូងក្នុងរយៈពេលជិត ៣ទសវត្សរ៍មកនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន