ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងថា បច្ចុប្បន្នដោយស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានភាពស្មុគ្រស្មាញ កិច្ចទប់ស្កាត់ជំងឺកូវីដ-១៩ មានសម្ពាធខ្លាំង និងភារកិច្ចធ្ងន់ធ្ងរនោះ ក្នុងនាមជាមិត្តដែកថែប និងជោគវាសនារួម ភាគីចិនរីករាយ និងសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ភាគីកម្ពុជាអាចយកឈ្នះទាំងស្រុងលើជំងឺដ៏កាចសាហាវមួយនេះ។
ក្នុងពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង SARS-Cov-2 (Sinopharm) ចំនួន៧០ម៉ឺនដូស ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ-១៩ នារាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្ដម Wang Wentian មានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះប្រទេសចិន បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ដល់កម្ពុជាមានចំនួន១លាន៣សែនដូស និងបានផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូស ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ។
ឯកឧត្ដមសង្ឃឹមដោយស្មោះថា វ៉ាក់សាំងទាំងនេះ អាចចង្កើនជញ្ជាំងការពារសុខភាពដ៏រឹងមាំមួយ សម្រាប់ប្រជាជននិងប្រទេសកម្ពុជា ហើយក៏សង្ឃឹមដែរថាវ៉ាក់សាំងចិន អាចដើរតួនាទីយ៉ាងសកម្មក្នុងការជួយកម្ពុជាយកឈ្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឯកឧត្ដមឯកអគ្គរដ្ឋទូតគូសបញ្ជាក់ថា “បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានភាពស្មុគ្រស្មាញ កិច្ចទប់ស្កាត់ជំងឺកូវីដ-១៩មានសម្ពាធខ្លាំង និងភារកិច្ចធ្ងន់ធ្ងរ។ ក្នុងនាមជាមិត្តដែកថែប និងជោគវាសនារួម ភាគីចិនបានចាត់ទុកការលំបាក និងការប្រឈមរបស់ភាគីកម្ពុជា គឺជាការលំបាករបស់ខ្លួនផ្ទាល់។ ភាគីចិនរីករាយនិងសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ភាគីកម្ពុជាអាចយកឈ្នះទាំងស្រុងលើជំងឺដ៏កាចសាហាវមួយនេះ។”
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលផ្ដល់វ៉ាក់សាំងកូវីដ-១៩មកដល់កម្ពុជា ជាបន្ដបន្ទាប់។ សម្ដេចពិជ័យសេនាបញ្ជាក់ថា ទាំងនេះ បង្ហាញឱ្យឃើញថា ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដ៏រឹងមាំ ក្នុងក្របខ័ណ្ឌកិច្ចសហការជាយុទ្ធសាស្ដ្រ និងគ្រប់ជ្រុងជ្រាយ នៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ។ សម្ដេចពិជ័យសេនាថ្លែងបន្ដថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ដ្រ និងជាគន្លឹះមួយ សម្រាប់យុទ្ធសាស្ដ្រ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសសំដៅការពារអាយុជីវិតរបស់ប្រជាជន សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមា នៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចពីជ័យសេនាឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ការជោគជ័យរបស់ប្រទេសកម្ពុជា ក៏ត្រូវមានការចូលរួមសហការ និងសាមគ្គីគ្រប់ភាគីពាក់ព័ន្ធ ទៅលើវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងទៅនេះ ប្រកបដោយប្រសិទ្ធភាព ក្នុងការយកជ័យជម្នះក្នុងស្ថានភាពដ៏លំបាក់នេះ គឺជាកត្តាចាំបាច់បំផុតផងដែរ។
គួរបញ្ជាក់ដែរថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈកន្លងទៅ។ សរុបទាំងពីរលើកនេះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងរបស់ចិន ចំនួន១លាន៣សែនដូស។ មកដល់ពេលបច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងចំនួន ៣ប្រភេទ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន វ៉ាក់សាំងស៊ីណូវ៉ាក់ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនចិន និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក៕
ប្រភព៖ ក្រសួងព័ត៌មាន